ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានឧបត្ថម្ភប្រេងកូឡាចំនួន១១០០០ដប ដើម្បីជួយសម្រួលដល់វីរៈកងទ័ព និងប្រជាពលរដ្ឋជនភៀសសឹក ក្នុងពេលប្រឈមមុខនឹងស្ថានភាពតានតឹងនៅតំបន់ព្រំដែន។

ពិធីប្រគល់និងទទួលអំណោយដ៏ថ្លៃថ្លានេះ បានធ្វើឡើងនារសៀលថ្ងៃទី០៩ ធ្នូ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ដែលតំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងតំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

លោក ឯក ឃុនដឿន បានថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានបង្ហាញពីទឹកចិត្តជ្រះថ្លា និងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ ព្រមទាំងប្រជាពលរដ្ឋជនភៀសសឹក។

“អំណោយនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តដ៏ល្អប្រពៃ និងការគិតគូរយ៉ាងជ្រៅជ្រះចំពោះកងទ័ពយើង ដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដីជាតិ” លោក ឯក ឃុនដឿន បានអះអាង។

ក្រៅពីនេះ នៅរសៀលថ្ងៃដដែល ក្រុមហ៊ុន LS BellaCo smetic ក៏បានឧបត្ថម្ភសាប៊ូកក់សក់៥កេស សាប៊ូលាងកំប៉ុង៥កេស សាប៊ូបោកគក់៥កេស និងនំប៊ីគាកញ្ចប់តូច៣កេស។ ចំណែកគណៈកម្មការផ្សារអូប្ញស្សីបាននាំយកអង្ករចំនួន២តោន មុង ភួយ ម៉ាស ចានជ័រ ចានអ៊ីណុច នំធុង កញ្ច្រែងជ័រ ឆ្នាំង និងចានមួយចំនួនទៀត។
អំណោយទាំងអស់នេះនឹងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំប្រគល់ជូនវីរៈកងទ័ព និងប្រជាពលរដ្ឋជនភៀសសឹកដោយផ្ទាល់។
