
ភ្នំពេញ – នៅពេលដែលជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ បន្តដល់ថ្ងៃទី៣ រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានបញ្ជាក់យ៉ាងច្បាស់ថា បទឈប់បាញ់គឺមិនដំណើរការទេ។
ក្នុងបទសម្ភាសជាមួយ BBC នៅថ្ងៃអង្គារទី៩ ខែធ្នូ ឆ្នាំ២០២៥ លោក Sihasak បាននិយាយថា៖ «បទឈប់បាញ់កម្ពុជា-ថៃ មិនដំណើរការទេ។ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តពាក់ព័ន្ធនោះ ថៃត្រូវការជំនួយពីអាមេរិកដើម្បីស្វែងរកសន្តិភាពពិតប្រាកដ មិនមែនគ្រាន់តែជាអ្វីដែលសរសេរលើក្រដាសនោះទេ»។

វាស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដើរតួនាទីសំខាន់ក្នុងការនាំយកសន្តិភាពជូនកម្ពុជា ក្នុងជម្លោះព្រំដែនជាមួយថៃ។ លោកបានធ្វើការជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីនាំមកនូវបទឈប់បាញ់កម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

មកដល់ថ្ងៃទី២៦ ខែតុលា ក្នុងអំឡុងកិច្ចប្រជុំអាស៊ាននៅទីក្រុងគូឡាឡាំពួ លោកត្រាំ និងលោកអាន់វ៉ា បានធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាពបន្តទៀត។ ទោះជាយ៉ាងណា ថៃនៅតែបន្តឈ្លានពានកម្ពុជា ដោយមិនខ្វល់អ្វីទាំងអស់។
អត្ថបទ៖ សុខ សុវណ្ណ
