រាជធានីភ្នំពេញ៖ ក្រុមសហជីពនៅកម្ពុជាបានចេញញត្តិថ្កោលទោសយោធាថៃយ៉ាងខ្លាំងក្លា បន្ទាប់ពីកងទ័ពថៃបានធ្វើការឈ្លានពានសារជាថ្មីមកលើអធិបតេយ្យភាពកម្ពុជា ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលបាត់បង់ជីវិត៧នាក់ និងរបួស២០នាក់។

ការចេញញត្តិថ្កោលទោសនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានបើកការបាញ់ប្រហារទៅលើទីតាំងប្រជាជនស៊ីវិលចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដោយគិតត្រឹមម៉ោង៦ព្រឹក បានបណ្តាលឱ្យមានជនរងគ្រោះជាច្រើន។

ក្រុមសហជីពទាំងនោះបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ។ ការឈ្លានពានរបស់ថៃដោយបានប្រើប្រាស់អាវុធធុនតូចនិងធុនធំ ដោយកំរោលនិងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ។

សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ ញត្តិថ្កោលទោសរបស់ក្រុមសហជីពបានលើកឡើងបន្តថា ភាគីថៃម្តងហើយម្តងទៀតបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃ ក្រោមសាក្សីរបស់ឯកឧត្តមដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

ជាមួយគ្នានេះ ក្រុមសហជីពបានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួម និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ។

ក្រុមសហជីពទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ និងអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។

បន្ថែមលើនេះទៀត ក្រុមសហជីពក៏បានអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួម និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី។
