ភ្នំពេញ៖ ក្រសួងការពារជាតិបានរាយការណ៍ថា យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពយោធាថៃបានចាប់ផ្ដើមនៅម៉ោង០៤:៥៨នាទី ដល់ម៉ោង០៥:២៥នាទី ដោយប្រើប្រាស់ដ្រូនខ្នាតធំហោះស៊ើបការណ៍ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល បន្ទាប់មកបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះ។
នៅម៉ោង០៥:៣០នាទី ដល់ម៉ោង០៦:១០នាទី យោធាថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ១០៥មម មកលើទីតាំងអូរភ្លុកដំរី។ គិតមកដល់ម៉ោងនេះ យោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយ។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និង«សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវកិច្ចព្រមព្រៀងសន្តិភាពនេះ។
