ចិន៖ តុលាការចិនបានបង្គាប់ឱ្យក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ត្រូវបង់ប្រាក់សងជំងឺចិត្តដល់គ្រួសារជនរងគ្រោះដែលបានបាត់ខ្លួនក្នុងជើងហោះហើរ MH370 កាលពីជាង ១០ឆ្នាំមុន ជាប្រាក់ចំនួន ២,៩លានយ័ន (៤១០,២៤០ដុល្លារ) ក្នុងមួយករណី។ តុលាការចិនបានបញ្ជាក់ថា ជនរងគ្រោះជាពលរដ្ឋចិនដែលស្ថិតនៅក្នុងករណីខាងលើនេះគឺមានចំនួន ៨ករណី។

គួររម្លឹកជូនថា ករណីបាត់ខ្លួនអ្នកដំណើរខាងលើនេះបានកើតឡើង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ពោលគឺមានរយៈពេលជាងមួយទសវត្សរ៍មកហើយ។ យន្តហោះដែលស្ថិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះ គឺជាយន្តហោះប្រភេទ Boeing 777 មានផ្ទុកអ្នកដំណើរសរុបចំនួន ២៣៩នាក់ និងមានទិសដៅធ្វើដំណើរចេញពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន។
នៅក្នុងពេលដំណើរនោះ យន្តហោះបានបាត់ខ្លួនចេញប្រព័ន្ធតាមដានទាំងស្រុង ដោយគេមិនបានដឹងមូលហេតុនោះទេ ហើយរហូតមកទល់នឹងពេលនេះក៏គេនៅមិនទាន់ស្វែងរកការពិតជាក់ស្តែងនៃការបាត់យន្តហោះយ៉ាងចម្លែកបំផុតនេះនៅឡើយដែរ។
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
