រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរៀបចំពិធីអបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ៩ធ្នូ ក្រោមប្រធានបទ«រដ្ឋបាលស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជន»។

ក្នុងពិធីក្រោមធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី ACU បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៩ធ្នូរៀងរាល់ឆ្នាំជាទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ។

គោលបំណងសំខាន់ៗមាន៖ លើកកម្ពស់ថ្ងៃអប់រំជាតិ-អន្តរជាតិក្នុងការប្រឆាំងពុករលួយ ពង្រឹងអភិបាលកិច្ចល្អ បង្កើនការគាំទ្រពីមហាជន កសាងជំនឿទុកចិត្ត និងអប់រំផ្សព្វផ្សាយពីផលវិបាកពុករលួយ។
ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្កើតទស្សនវិស័យវែងឆ្ងាយក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

សារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទិវា៩ធ្នូត្រូវបានបង្កើតឡើងដើម្បីប្រមូលផ្តុំកម្លាំងសាមគ្គីសហការក្នុងប្រទេស និងនៅលើពិភពលោក ដើម្បីកាត់បន្ថយអំពើពុករលួយ មិនទុកឱ្យមានទីកន្លែងណាមួយជាឋានសួគ៌នៃអំពើពុករលួយ។

ស្មារតី៩ធ្នូត្រូវបានសមាហរណកម្មចូលក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិ ដោយការកសាងរដ្ឋបាលស្អាតស្អំត្រូវបានកំណត់ច្បាស់ជាគោលដៅ និងអាទិភាពគន្លឹះមួយ។

ជាការប្តេជ្ញា និងគាំទ្រដោយឥតលក្ខខណ្ឌរបស់រាជរដ្ឋាភិបាលកម្ពុជាលើការកសាងសង្គមស្អាតល្អប្រពៃ និងការចូលរួមកសាងពិភពលោកគ្មានជម្រកសម្រាប់ជនពុករលួយ។
សារលិខិតបន្ថែមថា អភិក្រមទាំង៥ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់» ជាសក្ខីភាពនៃការប្តេជ្ញា និងគាំទ្រឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
