ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានចេញប្រកាសថា សាលារៀនចំនួន ៥១៤កន្លែង ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ដោយសារការឈ្លានពានពីយោធាប្រទេសថៃ ដែលប៉ះពាល់ដល់ការសិក្សារបស់សិស្សប្រមាណ ១៣ម៉ឺននាក់ និងគ្រូបង្រៀនជាង ៤,៦០០នាក់។

យោងតាមរបាយការណ៍ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ការឈ្លានពានដែលរំលោភលើអធិបតេយ្យភាពកម្ពុជា បានធ្វើឱ្យសាលារៀនជាច្រើនត្រូវផ្អាកដំណើរការ ដោយខេត្តដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតគឺ៖
• ខេត្តព្រះវិហារ៖ សាលារៀន ៦១កន្លែង សិស្ស ១៣,៦៦៥នាក់ គ្រូ ៤៩៣នាក់
• ខេត្តឧត្តរមានជ័យ៖ សាលារៀន ២៦០កន្លែង សិស្ស ៥៥,៧៣១នាក់ គ្រូ ២,៣៤៤នាក់
• ខេត្តបន្ទាយមានជ័យ៖ សាលារៀន ១៨៦កន្លែង សិស្ស ៥៨,៧៥៤នាក់ គ្រូ ១,៧៩០នាក់

ក្រៅពីនេះ សាលារៀននៅខេត្តពោធិ៍សាត់ កោះកុង និងបាត់ដំបង ក៏ទទួលរងផលប៉ះពាល់ផងដែរ។ សាលារៀនចំនួន ៣២កន្លែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងចម្ងាយ ១០គីឡូម៉ែត្រ ក៏ត្រូវបានផ្អាកដំណើរការដែរ។
ក្រសួងអប់រំបានអះអាងថា ការផ្អាកដំណើរការសាលារៀននេះ គឺដើម្បីសុវត្ថិភាពរបស់សិស្សានុសិស្ស និងបុគ្គលិកអប់រំ ក្នុងពេលដែលស្ថានភាពនៅតាមព្រំដែនមិនទាន់មានស្ថិរភាព។

ក្រសួងនឹងធ្វើការវាយតម្លៃស្ថានភាពជាប្រចាំ និងរៀបចំផែនការស្តារការសិក្សាឡើងវិញ នៅពេលដែលស្ថានភាពសុវត្ថិភាពប្រកបដោយសុវត្ថិភាព។
