ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចែករំលែកការសង្កេតរបស់គាត់អំពីយុទ្ធសាស្ត្រចម្បាំងរបស់ទាហានថៃតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ។

លោកបានថ្លែងថា៖ “សង្រ្គាម ២លើកនេះ ខ្ញុំសង្កេតឃើញថា ពេលវេលាដែលទាហានថៃចូលចិត្តវាយសម្រុកគឺនៅពេលភ្លឺ (ចាប់ពីព្រលឹមស្រាងៗទៅ) តែនៅពេលយប់ចាប់ថមថយប្រយុទ្ធមិនសូវជាខ្លាំងក្លាទេ។”
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានទម្លាប់ចម្បាំងបែបនេះថា៖ “ដោយសារតែក្រុមទាហានថៃជាទាហានក្រុង មិនមានបទពិសោធន៍ធន់នៅក្នុងព្រៃ។ បើជំនាន់លន់ណុល គេហៅថាទាហានលម្អក្រុង ឬទាហានមាន់ស្ងោរ។ ពួកគេមិនចង់ប្រថុយប្រថានប្រយុទ្ធក្នុងពេលងងឹតទេ ទោះបីជាគេមានសម្ភារសឹកអាចមើលឃើញពេលយប់ក៏ដោយ។”
លោកបានបន្តថា៖ “កងទ័ពថ្មើរជើងមិនខ្លាំងទេ តែអាងលើសព្វាវុធដែលផ្លោងផ្តក់ពីចម្ងាយ និងអាងលើយន្តហោះ។ តែបើប្រយុទ្ធនៅកៀកគ្នា ឬស៊ូធន់នៅក្នុងព្រៃភ្នំ គឺមិនឈ្នះយើងទេ។”
លោកកែវ រ៉េមី បានវិភាគបន្ថែមថា ទាហានថៃចង់សម្រុកច្បាំងក្នុងល្បឿនលឿនក្នុងរយៈពេលខ្លី ដោយសារពួកគេគ្មានភាពធន់។ ម៉្យាងវិញទៀត គ្រាន់តែចង់វាយដណ្តើមបានកន្លែងខ្លះ គ្រាន់សាងយកប្រជាប្រិយភាពឲ្យប្រជាជនជឿលើយោធា និងនាយករដ្ឋមន្ត្រីអានុទីន ដើម្បីដណ្តើមយកសន្លឹកឆ្នោតតែប៉ុណ្ណោះ។
លោកបានសង្កត់ធ្ងន់ថា៖ “នេះគ្រាន់តែជាយោបល់ចូលរួមសម្រាប់ទ័ពយើងយកទៅពិចារណា បើមិនត្រូវទេមើលចោលចុះ។”
ដោយ៖ តារា
