ភ្នំពេញ៖ ក្រុមប្រតិភូកម្ពុជាដែលដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយឯកឧត្តម ប៉ុន សុខ អគ្គនាយកអគ្គនាយកដ្ឋានកីឡា បានចូលរួមពិធីគោរពទង់ជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ។

ពិធីគោរពទង់ជាតិនេះ តម្រូវឱ្យប្រទេសសមាជិកកីឡាក្នុងតំបន់អាស៊ានទាំងអស់មកគោរពទង់ជាតិប្រទេសរបស់ខ្លួន ដើម្បីបង្ហាញថា កីឡាគឺនាំមកនូវមិត្តភាព សាមគ្គីភាព និងការរួបរួមគ្នា។
សម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាបានបំពេញកាតព្វកិច្ចរួចរាល់ហើយក្នុងនាមជាប្រទេសសមាជិកកីឡាក្នុងតំបន់អាស៊ាន។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៥នេះ បើកដំណើរការប្រកួតចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។ សម្រាប់កម្ពុជា បានបញ្ជូនកីឡាចំនួន១២ប្រភេទទៅចូលរួមប្រកួត មានដូចជា៖ កីឡាហែលទឹក ជឺជីតស៊ូ តេក្វាន់ដូWT បាល់ទាត់លើតុ កាយសម្ព័ន្ធ អត្តពលកម្ម ម៉ូតូទឹក ឃីកបុកស៊ី អេឡិចត្រូនិក ជិះសេះ គុនដាវ និងទ្រីយ៉ាថ្លុង។

ចំពោះដំណើរចូលរួមរបស់អត្តពលិកកម្ពុជា នឹងចេញទៅជាបន្តន្ទាប់ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៦ ធ្នូ ទើបបញ្ចប់។ ការចូលរួមរបស់កម្ពុជានេះ បង្ហាញពីការត្រៀមខ្លួនរបស់អត្តពលិកជាតិក្នុងការតំណាងឈ្មោះប្រទេសនៅលើឆាកកីឡាអន្តរជាតិ។

ការចូលរួមរបស់កម្ពុជានៅស៊ីហ្គេមលើកទី៣៣នេះ មិនត្រឹមតែបំពេញកាតព្វកិច្ចជាសមាជិកអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសល្អសម្រាប់អត្តពលិកជាតិបង្ហាញសមត្ថភាព និងទទួលបានបទពិសោធន៍ថ្នាក់អន្តរជាតិ។
