ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យពីរនាក់ និងដកហូតគ្រឿងញៀនបានទម្ងន់ជាង ១,៦គីឡូក្រាម។

ប្រតិបត្តិការនេះដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន និងសម្របសម្រួលនីតិវិធីដោយលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ការចុះប្រតិបត្តិការបានធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចលើទួល ភូមិប៊ិនម៉ៅ សង្កាត់រកាក្រៅ ក្រុងដូនកែវ។ កម្លាំងសមត្ថកិច្ចក៏បានបន្តពន្លាតដែនសមត្ថកិច្ចទៅខេត្តកំពតផងដែរ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមាន៖
១. លោក ឃុត កានិន (ហៅរ៉េ) អាយុ ៣៣ ឆ្នាំ រស់នៅភូមិព្រិច សង្កាត់រកាក្រៅ
២. លោក រ៉ាត់ រ៉ាវីន អាយុ ១៨ ឆ្នាំ រស់នៅភូមិផ្សារតាកោ សង្កាត់រកាក្នុង

វត្ថុតាងដែលដកហូតបាន៖
– ម្សៅក្រាមពណ៌សថ្លា ៣៦កញ្ចប់ ទម្ងន់ ១,៦៥៧.៣៩ក្រាម
– ជញ្ជីងថ្លឹងថ្នាំញៀន ២ គ្រឿង
– ម៉ូតូ ២ គ្រឿង
– ទូរស័ព្ទ ២ គ្រឿង
– ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី។

ការចុះប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការសហការពីកងរាជអាវុធហត្ថខេត្តកំពត។

