
ភ្នាក់ងារព័ត៌មានរ៉យទ័រ បានចុះផ្សាយថា មន្ត្រីសហរដ្ឋអាមេរិកម្នាក់ បានអះអាងជាអនាមិកកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី ដែលសម្រេចបាននៅខែកក្កដា កំពុងប្រឈមមុខនឹងការដួលរលំ។
ប្រភពមន្ត្រីអាមេរិកបានថ្លែងថា៖ «ពួកគេកំពុងបដិសេធចំពោះអ្វីដែលយើងបានព្រមព្រៀងគ្នាក្នុងខែកក្កដា» ដោយសារតែឥណ្ឌូណេស៊ីមិនធ្វើតាមការប្តេជ្ញាចិត្តជាច្រើនក្នុងកិច្ចព្រមព្រៀងនោះ។

ទោះជាយ៉ាងណា មន្ត្រីឥណ្ឌូណេស៊ីបានបដិសេធថា ការចរចារវាងភាគីទាំង២នៅតែដំណើរការ ដោយមិនមានបញ្ហាជាក់លាក់ណាមួយកើតឡើង។ លោក Haryo Limanseto អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី បានថ្លែងថា៖ «ស្ថានភាពនៃដំណើរការចរចាគឺធម្មតា។ រដ្ឋាភិបាលឥណ្ឌូណេស៊ីសង្ឃឹមថាកិច្ចព្រមព្រៀងមួយអាចនឹងសម្រេចបានក្នុងពេលឆាប់ៗនេះ»។
កាលពីខែកក្កដា ប្រទេសទាំង២បានយល់ព្រមថា ឥណ្ឌូណេស៊ីនឹងលុបបំបាត់ពន្ធលើទំនិញជាង៩៩%របស់សហរដ្ឋអាមេរិក ខណៈសហរដ្ឋអាមេរិកនឹងទម្លាក់ពន្ធលើផលិតផលឥណ្ឌូណេស៊ីមកត្រឹម១៩% ពីអត្រាចាស់៣២%។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំ បានប្រកាសកិច្ចព្រមព្រៀងនេះជាលើកដំបូងនៅថ្ងៃទី១៥កក្កដា ដោយហៅវាថា «ជាជ័យជម្នះដ៏ធំមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនបច្ចេកវិទ្យា កម្មករ កសិករ អ្នកចិញ្ចឹមសត្វ និងអ្នកផលិតរបស់អាមេរិក»។
ទោះជាយ៉ាងណា មន្ត្រីឥណ្ឌូណេស៊ីបានប្រាប់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកជេមីសុនហ្គ្រៀរ ថា ឥណ្ឌូណេស៊ីមិនអាចយល់ព្រមចំពោះការប្តេជ្ញាចិត្តមួយចំនួនបានទេ ហើយចង់រៀបចំឡើងវិញនូវកិច្ចព្រមព្រៀងទាំងនោះ។
