ភ្នំពេញ – លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ពីភាពជឿជាក់ខ្ពស់លើផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងស្ថាប័នអក្សរសម្ងាត់កម្ពុជា-វៀតណាម ដែលនឹងជួយលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបជាមួយលោក ង្វៀន ហៀវហុង អនុប្រធានអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម នាព្រឹកថ្ងៃទី១០ ធ្នូ ២០២៥ នៅភ្នំពេញ។ កិច្ចប្រជុំនេះផ្តោតលើការវាយតម្លៃលទ្ធផលអនុវត្តផែនការឆ្នាំ២០២៥ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៦។
លោកអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងក្តីសោមនស្សរីករាយចំពោះការអញ្ជើញមកកម្ពុជារបស់ប្រតិភូវៀតណាម ព្រមទាំងថ្លែងអំណរគុណដល់ការគាំទ្រជានិច្ចកាលពីគណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម។ លោកក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខដល់លោក ង្វៀន ង៉ុកថេម ប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម។

ជាការឆ្លើយតប លោក ង្វៀន ហៀវហុង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលរាក់ទាក់ពីភាគីកម្ពុជា។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងអក្សរសម្ងាត់ដែលដើរតួនាទីសំខាន់ក្នុងការការពារសន្តិសុខជាតិ និងធានាសុខសន្តិភាពសម្រាប់ការអភិវឌ្ឍប្រទេស។
កិច្ចសហប្រតិបត្តិការនេះត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហការរវាងកម្ពុជា-វៀតណាម ជាពិសេសក្នុងវិស័យសន្តិសុខ និងការពារជាតិ។
