មុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជានិងថៃ អ្នកកាសែតនយោបាយថៃឈ្មោះ Pravit Rojanaphruk បានចេញមុខផ្តល់ការព្រមានយ៉ាងខ្លាំងទៅកាន់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆាន់វីរៈគុល។

លោក Pravit បានស្តីបន្ទោសយ៉ាងខ្លាំងថា ប្រសិនបើអានុទីនបដិសេធការចរចាបទឈប់បាញ់ ពិភពលោកអាចចាត់ទុកប្រទេសថៃថាជា “អ្នកឈ្លានពាន” ហើយថៃនឹងធ្លាក់ចូលទៅក្នុងស្ថានភាពការទូតដ៏លំបាកមួយ ដែលមិនខុសពីបញ្ហាដែលមីយ៉ាន់ម៉ា រុស្ស៊ី និងអ៊ីស្រាអែលកំពុងជួបប្រទះនោះទេ។
លើសពីនេះទៅទៀត អ្នកកាសែតថៃបានព្រមានថា បើមិនឈប់បាញ់ ថៃនឹងជួបបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជាពិសេសការនាំចេញទៅកាន់សហរដ្ឋអាមេរិកដែលមានចំនួនប្រមាណ ២០% នៃទំហំនៃការនាំចេញសរុបរបស់ប្រទេស។

“មិនត្រឹមតែប៉ះពាល់ដល់ការនាំចេញប៉ុណ្ណោះទេ វាក៏អាចជះឥទ្ធិពលដល់វិស័យទេសចរណ៍ដ៏សំខាន់ផងដែរ” លោក Pravit បានបន្ថែម។
ការព្រមាននេះមកពីអ្នកកាសែតដ៏ល្បីល្បាញម្នាក់នៅថៃ បានធ្វើឡើងមុនពេលកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីត្រាំ និងមេដឹកនាំកម្ពុជា-ថៃ ដែលរំពឹងថានឹងពិភាក្សាអំពីស្ថានភាពតានតឹងនៅតំបន់ព្រំដែន។

ប្រភព៖ Khaosod
