ថៃបន្តឈ្លានពាន៖ ពលរដ្ឋស្លាប់៧នាក់ រាប់ពាន់គ្រួសារភៀសសឹក សាលារៀន២៣៨កន្លែងបិទទាំងស្រុង

ថៃបន្តឈ្លានពាន៖ ពលរដ្ឋស្លាប់៧នាក់ រាប់ពាន់គ្រួសារភៀសសឹក សាលារៀន២៣៨កន្លែងបិទទាំងស្រុង

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការអំពីផលប៉ះពាល់ធ្ងន់ធ្ងរពីអំពើឈ្លានពានរបស់ថៃលើដែនអធិបតេយ្យកម្ពុជា ដែលបណ្តាលឱ្យមានការស្លាប់-របួសពលរដ្ឋ និងទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនកម្ពុជា។

ផលប៉ះពាល់ពីអំពើឈ្លានពាន

យោងតាមក្រសួងមហាផ្ទៃ គិតមកដល់ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានដែលផ្តើមឡើងជាថ្មីចាប់ពីថ្ងៃទី៧ ធ្នូ បានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ស៊ីវិល ការស្លាប់-របួសពលរដ្ឋ ការជម្លៀសបង្ខំចិត្ត និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

ក្នុងចំណោមជនរងគ្រោះ មានពលរដ្ឋស្លាប់ចំនួន៧នាក់ (១នាក់នៅខេត្តព្រះវិហារ ៣នាក់នៅខេត្តឧត្តរមានជ័យ និង៣នាក់នៅខេត្តបន្ទាយមានជ័យ) និងរបួសប្រមាណ២០នាក់ទៀត។ ភាគច្រើនកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត និងបញ្ជូនមកសង្គ្រោះបន្តនៅភ្នំពេញ។

ពលរដ្ឋភៀសសឹក

ស្ថានភាពភៀសសឹកក៏ធ្ងន់ធ្ងរដែរ៖ នៅខេត្តព្រះវិហារមាន៥.៥៩៧នាក់ពី១.៤៩១គ្រួសារ ខេត្តឧត្តរមានជ័យមាន១១.០៦០នាក់ពី៣.៤៧៨គ្រួសារ និងខេត្តបន្ទាយមានជ័យមាន៤.៥៦២នាក់ ដែលត្រូវជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព។

ផ្នែកអប់រំរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ៖ សាលារៀន២៣៨កន្លែងក្នុងចំណោម២៦០ទីតាំងនៅខេត្តឧត្តរមានជ័យត្រូវបិទទាំងស្រុង ខណៈសាលារៀននៅខេត្តព្រះវិហារ និងបន្ទាយមានជ័យក៏ត្រូវបិទជាបណ្តោះអាសន្នដែរ។

សាលារៀនបិទទាំងស្រុង

ក្រសួងមហាផ្ទៃបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ អាស៊ាន និងអង្គការសហប្រជាជាតិចូលរួមតាមដាន ថ្កោលទោស និងមានចំណាត់ការស្របតាមច្បាប់អន្តរជាតិចំពោះឧក្រិដ្ឋកម្មរបស់ថៃ។

ក្រសួងបានទាមទារឱ្យភាគីថៃបញ្ឈប់អំពើឈ្លានពានជាបន្ទាន់ និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃដែលមានប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីចុះហត្ថលេខាជាសាក្សី។

administrator

Related Articles