រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់កម្មសិក្សាការី និងពលករជំនាញខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារគ្រោះរញ្ជួយដីធ្ងន់ធ្ងរ និងលទ្ធភាពនៃការកើតឡើងនូវរលកយក្សស៊ូណាមិ។

សេចក្តីជូនដំណឹងដែលចេញនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅវេលាម៉ោង១១ និង១៥នាទីយប់ (ម៉ោងនៅប្រទេសជប៉ុន) មានគ្រោះរញ្ជួយដីកម្រិត ៧,៦វ៉ិចទ័រ នៅភាគខាងកើតនៃខេត្ត Aomori ដែលធ្វើឱ្យមានការញ្ជួយខ្លាំងនៅខេត្ត Aomori, Hokkaido និងខេត្ត Iwate។
អាជ្ញាធរជប៉ុនក៏បានប្រកាសអាសន្នអំពីលទ្ធភាពនៃការកើតឡើងនូវរលកយក្សស៊ូណាមិនៅស្រុកមួយចំនួនក្នុងខេត្តខាងលើផងដែរ។
ក្រសួងការងារបាននិងកំពុងតាមដានស្ថានការណ៍វិវត្តន៍នៃករណីនេះ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថា បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តដែលរងផលប៉ះពាល់ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។
ក្រសួងការងារបានអំពាវនាវដល់បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។
ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីបងប្អូនកម្មសិក្សាការី-ពលករជំនាញដែលរងផលប៉ះពាល់ ឬមានសំណួរ សូមទំនាក់ទំនងអនុព័ន្ធការងារ (ទូរស័ព្ទលេខ៖ ០៨០ ៣៣៦២ ៦១៦៨) ឬស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន (ទំព័រ Facebook: Royal Embassy of Cambodia in Japan ឬទូរស័ព្ទលេខ៖ ០៨០ ៤៦៨៩ ៩៣៧៤)។
