
សហភាពអឺរ៉ុប (EU) កំពុងប្រឈមមុខនឹងឧបសគ្គយ៉ាងធ្ងន់ធ្ងរក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក ដើម្បីគាំទ្រអ៊ុយក្រែន ដែលអាចធ្វើឲ្យខូចដល់ជំហរ និងភាពជឿជាក់របស់ប្លុក។
មេដឹកនាំអឺរ៉ុបបានសង្ឃឹមថា នឹងបង្ហាញកម្លាំងរួមដោយផ្តល់ចំនួនទឹកប្រាក់ដ៏ច្រើនដើម្បីផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងយោធារបស់អ៊ុយក្រែន និងជាចំនួនទឹកប្រាក់ដើម្បីដាក់ទីក្រុងកៀវក្នុងជំហរចរចាដ៏រឹងមាំប្រឆាំងនឹងទីក្រុងមូស្គូ។

នៅក្នុងចំណុចកណ្តាលនៃផែនការនេះគឺទ្រព្យសម្បត្តិរដ្ឋរុស្ស៊ីដែលមានតម្លៃ ២៤៤ ពាន់លានដុល្លារ ត្រូវបានបង្កកនៅឯឃ្លាំងមូលបត្រអន្តរជាតិ Euroclear ក្នុងប្រទេសបែលហ្ស៊ិក។ មេដឹកនាំអឺរ៉ុបចង់ប្រើប្រាស់វាដើម្បីផ្តល់ប្រាក់កម្ចីសំណងដល់អ៊ុយក្រែន ប៉ុន្តែវិធីសាស្រ្តនៃការធ្វើដូច្នេះ កំពុងប្រឈមមុខនឹងឧបសគ្គទៅវិញ។
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានមានប្រសាសន៍ថា៖ «យើងអាចបំពាក់ពួកគេនូវមធ្យោបាយដើម្បីការពារខ្លួន និងបន្តការចរចាសន្តិភាពពីជំហរដ៏រឹងមាំជាងនេះ»។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំបែលហ្ស៊ិកបែរជាប្រឆាំងនឹងគំនិតនេះ។ ពួកគេខ្លាចថា ប្រសិនបើរុស្ស៊ីចាត់ទុកផែនការនេះថាជាការរឹបអូសមូលនិធិខុសច្បាប់ ហើយបានដាក់ពាក្យបណ្តឹង ពួកគេអាចប្រឈមមុខនឹងផលវិបាកផ្នែកច្បាប់។
នាយករដ្ឋមន្ត្រីបែលហ្ស៊ិក Bart de Werner បានហៅផែនការរបស់សហភាពអឺរ៉ុបថាជា «កំហុសជាមូលដ្ឋាន» ហើយបានព្រមានថា វាប្រថុយនឹងការរារាំងដល់កិច្ចព្រមព្រៀងសន្តិភាព។

ក្រុមអ្នកវិភាគព្រមានបន្ថែមទៀតថា ហានិភ័យនេះធ្វើឲ្យអឺរ៉ុបមើលទៅហាក់ដូចជាខ្សោយជាងមុន កាន់តែឃ្លាតឆ្ងាយពីការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន។ ដោយមានការគាំទ្រពីអឺរ៉ុបដែលមិនទាន់សម្រេចចិត្ត និងកញ្ចប់ជំនួយដែលមិនសូវគួរឲ្យចាប់អារម្មណ៍ អ៊ុយក្រែនអាចត្រូវបានរុញច្រានចូលទៅក្នុងជំហរចរចាកាន់តែអាក្រក់ទៅៗ។
