ភាពបែកបាក់នយោបាយថៃកំពុងរីកធំឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បានប្រកាសបិទផ្លូវការចរចាជាមួយកម្ពុជា ក្នុងជម្លោះព្រំដែនដែលផ្ទុះឡើងដោយយោធាថៃកាលពីថ្ងៃទី៧ ខែធ្នូ។

លោក Natthapong Ruengpanyawut មេដឹកនាំគណបក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងមានប្រជាប្រិយភាព បានព្រមានថា ការបដិសេធរបស់លោកអានុទីនក្នុងការបន្តការចរចាសន្តិភាពជាមួយកម្ពុជា គឺជាជំហរដ៏គ្រោះថ្នាក់សម្រាប់ប្រទេសថៃ។
ជម្លោះនយោបាយក្នុងប្រទេសថៃបានធ្វើឱ្យប្រទេសនេះប្តូរនាយករដ្ឋមន្ត្រីរហូតដល់៣រូបក្នុងរយៈពេលមិនដល់៣ឆ្នាំ ហើយឥឡូវកំពុងពង្រីកជម្លោះមកកាន់ព្រំដែនកម្ពុជា រហូតដល់បង្កឱ្យមានការបាញ់គ្នាជាច្រើនលើក។

ប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក និងចិន បានចូលរួមសម្របសម្រួលបញ្ចប់ជម្លោះ និងបង្កើតឱ្យមានកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តយូរឆ្នាំរបស់ថៃ បានចេញមុខសម្របសម្រួល ប៉ុន្តែលោកអានុទីនបានបដិសេធមិនទទួលយកការសម្របសម្រួលនេះ ដែលអាចនាំឱ្យប្រទេសថៃកាន់តែគ្រោះថ្នាក់។
លោក Natthapong បាននិយាយថា ការពឹងផ្អែកលើកម្លាំងយោធាតែម្នាក់ឯងមិនអាចដោះស្រាយជម្លោះបានទេ ដោយឥឡូវនេះឈានចូលដល់ថ្ងៃទីបី ដោយមនុស្សជាង១០ម៉ឺននាក់ត្រូវបានជម្លៀសចេញ ហើយសាលារៀន និងមន្ទីរពេទ្យជាច្រើនត្រូវបានបិទ។
