ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ១០០,០០០ដុល្លារ (ដប់ម៉ឺនដុល្លារ) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹកតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះត្រូវបានសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងរបស់ព្រះមហាក្សត្រ ប្រគល់ជូនលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញឹកកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១០ ធ្នូ ២០២៥ នៅសាលប្រជុំក្រសួងព្រះបរមរាជវាំង។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ដោយមានខ្លឹមសារថា៖ «ខ្ញុំម្ចាស់ ព្រមទាំងសហការីកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលព្រះរាជទ្រព្យ ១០០,០០០ដុល្លារ ដែលជាព្រះរាជទានដ៏ថ្លៃថ្លាជួយដល់ប្រជារាស្ត្រភៀសសឹកដែលកំពុងជួបប្រទះការលំបាកខ្វះខាតបណ្តាលមកពីសង្គ្រាមតាមព្រំដែន។»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ និងបួងសួងដល់ព្រះរតនត្រ័យ សូមព្រះពរជ័យ បវរមហាប្រសើរថ្វាយព្រះមហាក្សត្រ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រកម្ពុជាទាំងមូល។
ដោយ៖ តារា
