ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានទទួលការបរិច្ចាគយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសប្បុរសជន ដែលរួមមានថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈចាំបាច់ជាច្រើន ដើម្បីផ្ដល់ជូនវីរៈកងទ័ពជួរមុខ និងប្រជាជនភៀសសឹក។

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញបានទទួលថវិកាសរុបចំនួន២១២.៥៥៤.៤០២ រៀល និងចំនួន៥៦.២៨៧ ដុល្លារអាមេរិក រួមជាមួយសម្ភារៈគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និងសម្ភារៈផ្សេងៗជាច្រើនមុខទៀត។

ពិធីទទួលការបរិច្ចាគត្រូវបានធ្វើឡើងនៅរដ្ឋបាលរាជធានីភ្នំពេញរាល់ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីព្រឹករហូតដល់ម៉ោង៥:៣០នាទីល្ងាច។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញចាំទទួលជានិច្ចនូវអំណោយដែលនាំមកប្រគល់ជូន។

សប្បុរសជនដែលបានចូលរួមបរិច្ចាគមានដូចជា៖ សាលាអន្តរជាតិប៊ែលធី សហគ្រាសសំណល់រឹងរាជធានីភ្នំពេញ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ គណកម្មការផ្សារអូឬស្សី គណៈកម្មការផ្សារជម្ពូវ័ន និងគណកម្មការផ្សារកាប់គោ។

អំណោយទាំងនេះរួមមាន៖ ថវិកា មីខ្លាឃ្មុំ ទឹកបរិសុទ្ធ អង្ករ មួក កន្ទេល នំក្រៀម មី អំបុកស្រូវថ្មី ត្រីងៀត ជ្រក់ស្ពៃជូ សៀងផ្អែម ក្បាលត្រីឆ្ការត្រៀម ត្រីប្រាសំយ៉ុង ពងមាន់ ត្រីប្រឡាក់ ភួយ ទឹកផ្លែឈើ ទឹកក្រូច ក្រម៉ា អាវជជុះ និងថ្នាំពេទ្យជាដើម។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ “គិតត្រឹមម៉ោង ១៨:០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងបន្តទទួលការបរិច្ចាគសរុបចំនួន២១២.៥៥៤.៤០២ រៀល និងចំនួន៥៦.២៨៧ ដុល្លារអាមេរិក។”
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមគោរពអរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញក្នុងស្មារតីខ្មែរជួយជាតិខ្មែរ។
រដ្ឋបាលរាជធានីភ្នំពេញសូមធានាថានឹងយកអំណោយទាំងអស់របស់បងប្អូនសប្បុរសជនទាំងនេះទៅចែកជូនដល់ដៃវីរៈកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ដោយមិនឱ្យបាត់មួយរៀលណាឡើយ។
ដោយ៖ សំរិត
