អាមេរិកបានដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដើម្បីឆ្លើយតបទៅនឹងសំណើសន្តិភាពដែលតម្រូវឲ្យមានសម្បទានទឹកដីដល់រុស្ស៊ី។

យោងតាមកាសែត Financial Times ដែលរាយការណ៍កាលពីថ្ងៃអង្គារទី៩ធ្នូ អ្នកចរចាអាមេរិកបានទុកពេលឲ្យលោក ហ្សេលេនស្គីត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅនឹងផែនការសន្តិភាពដែលទាមទារឲ្យអ៊ុយក្រែនដកកងទ័ពចេញពីតំបន់ Donbass។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងមួយនៅថ្ងៃបុណ្យណូអែល ខណៈលោក ហ្សេលេនស្គីបានស្នើសុំពេលវេលាដើម្បីពិគ្រោះយោបល់ជាមួយអ្នកគាំទ្រអឺរ៉ុបរបស់អ៊ុយក្រែនជាមុនសិន។
លោក ហ្សេលេនស្គីបានបញ្ជាក់ជាថ្មីថា អ៊ុយក្រែនមិនមានឆន្ទៈក្នុងការបោះបង់ចោលដីណាមួយដោយគ្មានការប្រយុទ្ធនោះទេ ដោយអះអាងថា គ្មានកិច្ចព្រមព្រៀងលើទឹកដីណាមួយត្រូវបានឈានដល់នៅពេលនេះទេ។

ការប្រឈមមុខដាក់គ្នានេះបានធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនស្ថិតនៅលើផ្លូវបំបែកដ៏រសើបមួយ ដោយទីក្រុងវ៉ាស៊ីនតោនជំរុញឲ្យមានសម្បទាន ខណៈទីក្រុងកៀវបញ្ចាក់ថា គ្មានសន្តិភាពណាមួយអាចធ្វើទៅបានដោយគ្មានបូរណភាពទឹកដីពេញលេញទេ។
អត្ថបទ៖ សាង ស្រីល័ក្ខ
