សម្តេចតេជោអំពាវនាវឲ្យជួយទិញអំបុកពីប្រជាជនចែកជូនកងទ័ព និងជនភៀសសឹក

សម្តេចតេជោអំពាវនាវឲ្យជួយទិញអំបុកពីប្រជាជនចែកជូនកងទ័ព និងជនភៀសសឹក

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវដល់សប្បុរសជនទាំងឡាយឲ្យជួយទិញអំបុកពីប្រជាជន យកទៅចែកជូនកងទ័ព និងជនភៀសសឹក ដោយប្រើពាក្យស្លោកថា «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន»។

សម្តេចតេជោហ៊ុនសែន

សម្តេចតេជោបានសរសេរលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៥ ដោយសូមផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន ដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។

សម្តេចបានសូមចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពាន។

កងទ័ពកម្ពុជា

សូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារថវិកាតាមរយៈរាជរដ្ឋាភិបាល ក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសឹក។

សម្តេចតេជោបានគូសបញ្ជាក់ថា «ខ្ញុំបានឃើញសំណូមពរយុទ្ធជនម្នាក់ពីសមរភូមិថា សុំជួយជាអំបុកល្អជាងជួយជាមី។ ខ្ញុំយល់ថាជាសំណូមពរនេះសមហេតុសមផល តែខ្ញុំយល់ថា ការផ្តល់ជាមីនៅតែបន្តជាមួយ និងការផ្តល់អំបុកបន្ថែម។

ស្រូវថ្មីកំពុងច្រូតកាត់ សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុក ឬជួយទិញអំបុកពីប្រជាជន យកទៅចែកជូនកងទ័ព ឬជនភៀសសឹក។

អំបុកស្រូវថ្មី

ជាមួយគ្នានោះដែរ សម្តេចតេជោបានលើកឡើងថា សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូ ឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ ប្រសិនដាក់ជាបាវ ឬការ៉ុង លំបាកដល់ការចែកចាយនៅខ្សែត្រៀមជួរមុខ។ ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន។

អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ ស្រីណា

administrator

Related Articles