ក្រសួងពាណិជ្ជកម្មថៃបានចេញការព្យាករណ៍ថា ការនាំចេញរបស់ប្រទេសនេះនៅឆ្នាំ២០២៦ អាចធ្លាក់ចុះរហូតដល់ ៣,១% ក្នុងសេណារីយ៉ូអាក្រក់បំផុត ដោយសារតែវិធានការពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងភាពខ្លាំងនៃប្រាក់បាត។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ស៊ូផាជី ស៊ូធមពុន បានព្រមានថា ការនាំចេញថៃឆ្នាំក្រោយនេះ ប្រឈមមុខនឹងហានិភ័យធ្លាក់ចុះយ៉ាងខ្លាំង ប្រសិនបើស្ថានភាពពិភពលោកកាន់តែយ៉ាប់យ៉ឺន និងភាពតានតឹងពាណិជ្ជកម្មកើនឡើង។
ក្នុងសេណារីយ៉ូធម្មតា ការនាំចេញថៃអាចនឹងធ្លាក់ចុះប្រហែល ១% មកនៅត្រឹម ៣៣០,៦ ប៊ីលានដុល្លារ។ លោកស្រីបានពន្យល់ថា ដៃគូពាណិជ្ជកម្មជាច្រើនបានបង្កើនការទិញទំនិញពីថៃនៅឆ្នាំនេះ ដើម្បីបញ្ចៀសការដំឡើងពន្ធរបស់អាមេរិក។

ក្នុងសេណារីយ៉ូអាក្រក់បំផុត ការនាំចេញអាចនឹងធ្លាក់ចុះដល់ ៣,១% មកនៅត្រឹមប្រហែល ៣២៣,៦ ប៊ីលានដុល្លារអាមេរិក ប្រសិនបើរបាំងពាណិជ្ជកម្ម និងពន្ធគយរបស់សហរដ្ឋអាមេរិកកាន់តែធ្ងន់ធ្ងរ។
ការធ្លាក់ចុះយ៉ាងខ្លាំងក្នុងប្រទេសមានសេដ្ឋកិច្ចធំៗ ជាពិសេសសហរដ្ឋអាមេរិក និងចិន នឹងបង្កើនសម្ពាធនេះ។ ភាពខ្លាំងនៃប្រាក់បាតនឹងប៉ះពាល់ដល់ប្រាក់ចំណេញ និងភាពប្រកួតប្រជែងរបស់អ្នកនាំចេញ។

សេដ្ឋវិទូថៃបានលើកឡើងថា ប្រសិនបើបញ្ហាព្រំដែនជាមួយកម្ពុជាអូសបន្លាយរយៈពេលយូរ ថៃប្រឈមមុខនឹងការខាតបង់ការនាំចេញទៅកម្ពុជាទាំងស្រុង ដែលមានប្រមាណ ១៣០ ប៊ីលានបាត ឬស្មើនឹង ១% នៃការនាំចេញសរុបរបស់ថៃ។
