ភ្នំពេញ – អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន លោក Kihara Minoru បានឆ្លើយតបតនឹងការអះអាងរបស់ប្រទេសចិនថា ការតម្រង់រ៉ាដាសកម្មក្នុងអំឡុងពេលហ្វឹកហាត់ហោះហើរ គឺជាវិធានការធម្មតាដើម្បីធានាសុវត្ថិភាពហោះហើរតែប៉ុណ្ណោះ។

ដោយយោងទៅតាមសារព័ត៌មាន NHK ក្រសួងការពារជាតិជប៉ុនបានបញ្ចាក់ថា យន្តហោះចម្បាំងចិនមួយគ្រឿងបានតម្រង់រ៉ាដារបស់ខ្លួនទៅកាន់យន្តហោះកងកម្លាំងការពារដែនអាកាសជប៉ុន ASDF នៅក្នុងដែនទឹកអន្តរជាតិភាគអាគ្នេយ៍ នៃកោះអូគីណាវ៉ាកាលពីថ្ងៃសៅរ៍។
ទីក្រុងប៉េកាំងក៏បានធ្វើការអះអាងប្រឆាំងវិញថា យន្តហោះជប៉ុនឯណោះទេដែលបានចូលទៅជិតតំបន់ហ្វឹកហាត់ដែនអាកាស និងតំបន់សមុទ្ររបស់កងទ័ពជើងទឹកចិនដោយគ្មានការអនុញ្ញាត ហើយថែមទាំងរំខានដល់សកម្មភាពហ្វឹកហាត់របស់កងទ័ពខ្លួន។

លោក Kihara បានតបតវិញថា យន្តហោះចម្បាំងត្រូវបានបំពាក់ដោយរ៉ាដាសម្រាប់ទាំងការស្វែងរក និងការគ្រប់គ្រងការបាញ់ប្រហារ ប៉ុន្តែផ្នែកដែលកំពុងត្រូវបានតាមដាន មិនអាចបែងចែកយ៉ាងច្បាស់រវាងគោលបំណងទាំងពីរនោះទេ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលថែមទាំងបញ្ចាក់ទៀត ជាទូទៅ រ៉ាដាមិនត្រូវបានប្រើប្រាស់ម្តងម្កាលដូចករណីកាលពីថ្ងៃសៅរ៍ទេ សូម្បីតែសម្រាប់សកម្មភាពស្វែងរកក៏ដោយ ដើម្បីចៀសវាងការវិវត្តដែលមិននឹកស្មានដល់។ ជប៉ុនជឿជាក់ថា ភាគីចិនបានចូលរួមក្នុងទង្វើដ៏គ្រោះថ្នាក់មួយ ដែលហួសពីវិសាលភាពនៃអ្វីដែលចាំបាច់សម្រាប់សុវត្ថិភាពហោះហើរ។

អត្ថបទ៖ សាង ស្រីល័ក្ខ
