ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចគល់ស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសជនជាតិចិនម្នាក់ដែលសង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក FAW BESTUNE T90 ពណ៌ស ផ្លាកលេខកម្ពុជា GGTA.168 ក្នុងល្បឿនលឿន ហើយជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង។ ការបុកប្រកាន់នេះបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។

តាមការអង្កេតពីកន្លែងកើតហេតុ រថយន្តធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីលិចទៅកើត ហើយនៅពេលមកដល់ចំណុចស្ពានអាកាស អ្នកបើកបរមិនបានប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពានយ៉ាងខ្លាំង។ សំណាងល្អដែលមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ហើយបានឃាត់អ្នកបើករថយន្តយកទៅសួរនាំ។ ក្រោយមក មន្ត្រីជំនាញចរាចរណ៍បានធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក រង់ចាំការដោះស្រាយតាមផ្លូវច្បាប់។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៧:៣០នាទីយប់ និងបង្ហាញពីគ្រោះថ្នាក់នៃការបើកបរក្រោមឥទ្ធិពលស្រា។ សមត្ថកិច្ចនៅតែបន្តស៊ើបអង្កេតពីមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ។

ដោយ៖ ភារ៉ា ដង្កោ
