
ភ្នំពេញ – សភាថៃបានអនុម័តដោយសំឡេង ៣២៨ទល់នឹង ២៦៦ កាលពីថ្ងៃទី១០ខែធ្នូ ដើម្បីបើកផ្លូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលត្រូវបានចោទប្រកាន់ថាលម្អៀងទៅរករបបរាជានិយម និងក្រុមយោធា។
ការអនុម័តនេះកើតឡើងក្នុងពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃកំពុងគ្រប់គ្រង និងការបែកបាក់នយោបាយក្នុងប្រទេសថៃកាន់តែធ្ងន់ធ្ងរ។
លោក Natthapong Ruengpanyawut ប្រធានគណបក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងមានប្រជាប្រិយភាព បានព្រមានថា ការបដិសេធរបស់លោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ក្នុងការបន្តការចរចាសន្តិភាពជាមួយកម្ពុជា គឺជាជំហរដ៏គ្រោះថ្នាក់។

គណបក្សប្រជាជនថៃ ដែលកើតចេញពីគណបក្សឆ្ពោះទៅមុខ (Move Forward Party) បានឈ្នះការបោះឆ្នោតកាលខែឧសភាឆ្នាំ២០២៣ ប៉ុន្តែមិនបានឡើងកាន់អំណាចដឹកនាំរដ្ឋាភិបាល ដោយក្រុមព្រឹទ្ធសភានិយមយោធាបានបោះឆ្នោតជំទាស់បេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សនេះ។
ក្រោយការរារាំងបេក្ខជននាយករដ្ឋមន្ត្រីពីគណបក្សដែលប្រមូលផ្តុំដោយយុវជន តុលាការធម្មនុញ្ញថៃក៏បានរំលាយគណបក្សនេះចោលទៀតកាលពីខែសីហាឆ្នាំ២០២៤។
ការបោះឆ្នោតនៅសភាថៃថ្ងៃទី១០ខែធ្នូនេះ កំណត់ការបង្កើតគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញ និងគណៈកម្មាធិការពិគ្រោះយោបល់សាធារណៈ ដែលគណៈកម្មាធិការនីមួយៗមានសមាជិក ៣៥ រូប។
ជម្លោះនយោបាយក្នុងប្រទេសថៃ បានធ្វើឲ្យប្រទេសនេះប្តូរនាយករដ្ឋមន្ត្រីរហូតដល់ទៅ៣ក្នុងរយៈពេលមិនដល់៣ឆ្នាំ ហើយកាន់តែធ្ងន់ធ្ងរបំផុតគឺ ជម្លោះនយោបាយថៃ បានពង្រីកជម្លោះមកកាន់ព្រំដែនកម្ពុជា។
