ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះលោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

ការសម្រេចផ្អាកការងារនេះធ្វើឡើងដើម្បីបន្តដំណើរការស្រាវជ្រាវបន្ថែម បន្ទាប់ពីលោកមានរឿងអាស្រូវជាច្រើនពាក់ព័ន្ធករណីឆបោកជនរងគ្រោះដែលមានទឹកប្រាក់រាប់លានដុល្លារ។
ប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយរូបបានបង្ហើបថា ប្រសិនបើក្រសួងមហាផ្ទៃស្រាវជ្រាវឃើញដូចការចោទប្រកាន់មែន លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អាចប្រឈមមុខនឹងការដកតួនាទី ដកឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខណ្ឌតែម្ដង។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាននាយកដ្ឋានអង្គភាពពាក់ព័ន្ធ និងសាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ដោយ៖ សិលា
