រាជធានីភ្នំពេញ៖ លោកកែវរ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញការសង្កេតរបស់គាត់ថា ទាហានថៃមានទម្លាប់ចូលចិត្តវាយសម្រុកនៅពេលព្រលឹមស្រាងៗ តែនៅពេលយប់វិញគឺថមថយការប្រយុទ្ធយ៉ាងច្បាស់។

លោកបានបញ្ជាក់ថា មូលហេតុសំខាន់គឺដោយសារទាហានថៃជា “ទាហានក្រុង” ដែលគ្មានបទពិសោធន៍ធន់នៅក្នុងព្រៃ។ “បើជំនាន់លន់ណុល គេហៅថាទាហានលម្អក្រុង ឬទាហានមាន់ស្ងោរ អ្នករស់នៅឆ្លងជំនាន់នោះស្គាល់ពាក្យនេះច្បាស់។ ពួកគេមិនចង់ប្រថុយប្រថានប្រយុទ្ធក្នុងពេលងងឹតទេ ទោះបីជាមានសម្ភារសឹកអាចមើលឃើញពេលយប់ក៏ដោយ។”
លោកកែវរ៉េមីបន្ថែមថា កងទ័ពថ្មើរជើងថៃមិនខ្លាំងទេ តែអាងលើសព្វាវុធដែលផ្លោងផ្តក់ពីចម្ងាយ និងអាងលើយន្តហោះ។ “តែបើប្រយុទ្ធនៅកៀកគ្នា ឬស៊ូធន់នៅក្នុងព្រៃភ្នំ គឺមិនឈ្នះយើងទេ។”

លោកបានវែកញែកបន្ថែមថា ទាហានថៃចង់សម្រុកច្បាំងក្នុងល្បឿនលឿនក្នុងរយៈពេលខ្លី ដោយសារពួកគេគ្មានភាពធន់។ ម្យ៉ាងវិញទៀត គ្រាន់តែចង់វាយដណ្តើមបានកន្លែងខ្លះ គ្រាន់សាងយកប្រជាប្រិយភាពឲ្យប្រជាជនជឿលើយោធា និងដើម្បីដណ្តើមយកសន្លឹកឆ្នោត។
“នេះគ្រាន់តែជាយោបល់ចូលរួមសម្រាប់ទ័ពយើងយកទៅពិចារណា បើមិនត្រូវទេ មើលចោលចុះ។” លោកកែវរ៉េមីបានសន្និដ្ឋាន។
