មុនពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ អ្នកកាសែតនយោបាយថៃលោក Pravit Rojanaphruk បានចេញមុខព្រមាននាយករដ្ឋមន្ត្រីអានុទីន ឆាន់វីរៈគុល ថា ប្រទេសនឹងជួបបញ្ហាធំជាច្រើន បើមិនព្រមឈប់បាញ់។

លោក Pravit ស្តីបន្ទោសថា បើអានុទីន បដិសេធចរចាបទឈប់បាញ់ នោះពិភពលោកអាចចាត់ទុកប្រទេសថៃថាជា អ្នកឈ្លានពាន ហើយថៃនឹងធ្លាក់ចូលទៅក្នុងស្ថានភាពការទូតដែលមិនធ្លាប់ជួបប្រទះពីមុនមក មិនខុសពីមីយ៉ាន់ម៉ា រុស្ស៊ី និងអ៊ីស្រាអែលនោះទេ។
លើសពីនេះលោក Pravit ព្រមានទៀតថា បើមិនឈប់បាញ់ ថៃនឹងជួបបញ្ហាសេដ្ឋកិច្ច ពោលគឺប៉ះពាល់ដល់ ការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិក ដែលការនាំចេញទាំងនោះមានចំនួនប្រមាណ ២០% នៃទំហំនៃការនាំចេញសរុបរបស់ប្រទេសថៃ។ មិនត្រឹមប៉ុណ្ណឹង វាក៏អាចជះឥទ្ធិពលដល់ វិស័យទេសចរណ៍ ផងដែរ។
មុននេះដែរ លោកអានុទីន បានប្រកាសក្តែងៗថា ថៃ នឹងមិនចរចាជាមួយកម្ពុជាឡើយ ហើយមិនខ្វល់ពីលោកត្រាំ ឬនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាម្ចាស់សាក្សីនៃកិច្ចព្រមព្រៀងសន្តិភាណទីក្រុងគូឡាឡាំពួ នោះទេ។
យ៉ាងណា ក្រោយមកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា លោកនឹងទូរស័ព្ទទៅមេដឹកនាំកម្ពុជានិងថៃ ដើម្បីបញ្ចប់សង្គ្រាម បន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើងសាជាថ្មីនៅព្រំដែន។
ថ្លែងក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋ Pennsylvania នាថ្ងៃពុធទី១០ខែធ្នូឆ្នាំ២០២៥ មេដឹកនាំមហាអំណាចផុតលេខរូបនេះបញ្ជាក់ថា៖ «លោកនឹងទូរស័ព្ទទៅមេដឹកនាំកម្ពុជា-ថៃនៅថ្ងៃស្អែក ហើយបញ្ឈប់សង្គ្រាមរវាងប្រទេសដ៏មានឥទ្ធិពលទាំងពីរ»។
សូមជម្រាបជាថ្មី ការប្រកាសរបស់លោក ត្រាំ កើតឡើងស្របពេលការប្រយុទ្ធនៅព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងសាជាថ្មី ដែលផ្តើមចេញពីការឈ្លានពានរបស់ថៃ រហូតធ្វើឲ្យកម្ពុជាអស់ការអត់ធ្មត់ ក៏បង្ខំចិត្តតបតទៅវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
