អង់គ្លេសទទួលស្គាល់ជាលើកដំបូងពីការស្លាប់ទាហានរបស់ខ្លួននៅអ៊ុយក្រែន

អង់គ្លេសទទួលស្គាល់ជាលើកដំបូងពីការស្លាប់ទាហានរបស់ខ្លួននៅអ៊ុយក្រែន

ចក្រភពអង់គ្លេសបានប្រកាសជាលើកដំបូងអំពីការស្លាប់ទាហានរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដែលជាការទទួលស្គាល់ផ្លូវការដំបូងអំពីវត្តមានកងទ័ពអង់គ្លេសនៅទីនោះ។

អ៊ុយក្រែន-អង់គ្លេស

តាមការផ្សាយរបស់ BBC ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ពីការស្លាប់ទាហានឆ័ត្រយោងឈ្មោះ George Hooley អាយុ ២៨ឆ្នាំ ដែលបានស្លាប់ដោយសារឧបទ្ទវហេតុក្នុងអំឡុងពេលសាកល្បងប្រព័ន្ធការពារមីស៊ីលប្រភេទថ្មី។

នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានអះអាងថា ទាហានរូបនេះមិនមែនបានស្លាប់នៅសមរភូមិទេ ប៉ុន្តែស្លាប់នៅឆ្ងាយពីជួរមុខ។ លោក Starmer បានថ្លែងក្នុងសភាថា៖ «ពលទាហាន Hooley បានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុដ៏សោកនាដកម្ម ខណៈពេលមើលកងកម្លាំងអ៊ុយក្រែនសាកល្បងប្រព័ន្ធការពារថ្មី។ គាត់បានបម្រើប្រទេសរបស់យើងដោយកិត្តិយស និងជាផ្នែកមួយនៃកងកម្លាំងតូចរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសអ៊ុយក្រែន»។

ជុំវិញវត្តមានកងទ័ពអង់គ្លេសនៅអ៊ុយក្រែននេះ មិនទាន់មានប្រតិកម្មពីរុស្ស៊ីឡើយ ទោះបីជាទីក្រុងមូស្គូធ្លាប់ព្រមានថា វត្តមានកងទ័ពបរទេសនៅអ៊ុយក្រែនគឺជាការចូលដៃក្នុងសង្គ្រាមដោយផ្ទាល់ក៏ដោយ។

កាលពីឆ្នាំមុន ចក្រភពអង់គ្លេសបានទទួលស្គាល់ថា មាន«យោធាមួយចំនួនតូច»កំពុងបម្រើការងារក្នុងតួនាទីគាំទ្រនៅក្នុងប្រទេសអ៊ុយក្រែន។ ទីក្រុងឡុងដ៍បានក្លាយជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយរបស់ទីក្រុងកៀវ ហើយទាហានអ៊ុយក្រែនជាង ៥៦,០០០ នាក់ ត្រូវបានបណ្តុះបណ្តាលក្រោមប្រតិបត្តិការរបស់អង់គ្លេសដែលគេស្គាល់ថាជា ប្រតិបត្តិការ Interflex។

administrator

Related Articles