រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានអំពីផលប៉ះពាល់ធ្ងន់ធ្ងរដោយសារអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា។

គិតរហូតមកដល់ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើល្មើសច្បាប់អន្តរជាតិរបស់ភាគីថៃបានបណ្តាលឱ្យមានពលរដ្ឋស្លាប់សរុប១០នាក់ និងរបួសប្រមាណ៦០នាក់ ដែលភាគច្រើនកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។

ស្ថានភាពភៀសសឹកក៏ធ្ងន់ធ្ងរដែរ ដោយមានជនភៀសសឹកសរុបជាង៥ម៉ឺន៦ពាន់គ្រួសារ ស្មើនឹងមនុស្សជាង១សែន៩ម៉ឺននាក់។ ខេត្តបន្ទាយមានជ័យមានជនភៀសសឹកខ្ពស់ជាងគេ ដោយមាន២២,៧៩៩គ្រួសារ ស្មើនឹង៨០,៤៤៧នាក់ រួមមានកុមារ២៤,៧០៨នាក់។

ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនក៏ត្រូវបានបំផ្លិចបំផ្លាញ ដោយភាគីថៃបានបង្កើនការបាញ់ផ្លោង និងទម្លាក់គ្រាប់ពីយន្តហោះ F16 សំដៅចូលភូមិឋាននិងតំបន់ទីប្រជុំជនស៊ីវិល។ សាលារៀន៨៨៣កន្លែងបានបិទទ្វារ ប៉ះពាល់ដល់ការសិក្សារបស់សិស្សជាង២សែន៨ពាន់នាក់។

ក្រសួងមហាផ្ទៃបានប្រកាសគាំទ្រយ៉ាងមុតមាំលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ប៊ុន ម៉ាណែត ដែលកងកម្លាំងកម្ពុជាបន្តការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិដោយភាពម្ចាស់ការ។

ក្រសួងមហាផ្ទៃនៅតែបន្តទទូចដល់សហគមន៍អាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ចូលរួមតាមដាន ថ្កោលទោស និងមានចំណាត់ការស្របតាមច្បាប់គោលការណ៍និងនីតិវិធីអន្តរជាតិ។
