កិច្ចព្រមព្រៀងសន្តិភាពចំនួនពីរដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកតម្កើងថាជាភស្តុតាងនៃភាពជោគជ័យនៃកិច្ចចរចាជាសកលរបស់លោក កំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ។ ការប្រយុទ្ធគ្នាបានផ្ទុះឡើងវិញនៅភាគខាងកើតប្រទេសកុងហ្គោ និងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បណ្តាលឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។

ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសកុងហ្គោ និងរវ៉ាន់ដាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគាំទ្រដោយអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ការប៉ះទង្គិចគ្នាដែលពាក់ព័ន្ធនឹងកងជីវពល M23 ដែលគាំទ្រដោយរវ៉ាន់ដា បានកើនឡើងយ៉ាងខ្លាំង។ ក្រុមទំនាក់ទំនងអន្តរជាតិសម្រាប់តំបន់ Great Lakes បានអំពាវនាវជាបន្ទាន់ឱ្យមានការអត់ធ្មត់ និងជំរុញឱ្យក្រុម M23 និងយោធារបស់រវ៉ាន់ដាបញ្ឈប់ប្រតិបត្តិការវាយលុក។
ក្រសួងការបរទេសអាមេរិកបាននិយាយថា ក្រុងវ៉ាស៊ីនតោន «មានការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះអំពើហិង្សានេះ ហើយកំពុងដាក់សម្ពាធលើគ្រប់ភាគីឱ្យរក្សាការព្រមព្រៀងដែលលោកត្រាំបានលើកសរសើរថាជា«ប្រវត្តិសាស្ត្រ»។

ទន្ទឹមនឹងនោះ ការប្រយុទ្ធគ្នាក៏បានកើនឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃផងដែរ ដែលមានរយៈពេលមិនដល់ពីរខែបន្ទាប់ពីលោកត្រាំបានធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងបទឈប់បាញ់។ បើតាមតួលេខពី AFP ប្រជាជនជាងកន្លះលាននាក់នៅក្នុងប្រទេសកម្ពុជា និងថៃ បានបន្តភៀសខ្លួនទៅកាន់វត្តអារាម សាលារៀន និងជម្រកបណ្តោះអាសន្ន។
រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានជំរុញឱ្យមាន «ការបញ្ឈប់អរិភាពជាបន្ទាន់» ហើយបានអំពាវនាវឱ្យភាគីទាំងពីរវិលត្រឡប់ទៅរកក្របខ័ណ្ឌសន្តិភាព។ លោកត្រាំបានប្រកាសថា លោកនឹងទាក់ទងទៅមេដឹកនាំកម្ពុជានិងថៃ ដើម្បីបញ្ចប់សង្គ្រាម។
លោកត្រាំតែងតែលើកឡើងពីកិច្ចព្រមព្រៀងកម្ពុជា-ថៃ និងកុងហ្គោ-រវ៉ាន់ដា ក្នុងចំណោមកិច្ចព្រមព្រៀងចំនួន៧ឬ៨ ដែលលោកអះអាងថា បានបង្ហាញពីកំណត់ត្រារបស់លោកក្នុងនាមជា «ប្រធានាធិបតីសន្តិភាព»។
