
ខេត្តត្បូងឃ្មុំ – កុមារ និងក្រុមគ្រួសារចំនួន ៩០ នាក់ ដែលត្រូវបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារ នៅក្នុងស្រុកទាំង ៤ នៃខេត្តត្បូងឃ្មុំ បានទទួលការជួយជាក់ស្ដែងពីអាជ្ញាធរ។
កុមារទាំងនេះ ដែលមានទាំងកុមារដែលត្រូវបានទប់ស្កាត់ចំនួន ៥០ នាក់ និងកុមារដែលកំពុងទទួលការគាំពារបន្តចំនួន ៤០ នាក់ បានទទួលសម្ភារសិក្សា សម្លៀកបំពាក់ មធ្យោបាយធ្វើដំណើរ ពូជសត្វ ពូជបន្លែ និងពូជមាន់ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពនេះបានប្រព្រឹត្តទៅនៅសាលាបឋមសិក្សាទួលវិហារ ក្នុងឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ដោយគ្របដណ្តប់លើស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកពញាក្រែក និងស្រុកអូររាំងឪ។
លោកជំទាវ ស៊ើង សរ សុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យអាជ្ញាធរដែនដីបន្តតាមដានវឌ្ឍនភាពការអប់រំកុមារ ដើម្បីកំណត់ភាពគង់វង្សនៃការសិក្សា។

ក្រសួងការងារក៏បានស្នើឱ្យមានការចូលរួមតាមជំនាញ និងជំរុញការផ្សព្វផ្សាយទៅគ្រប់វេទិកាសាធារណៈ ដើម្បីទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ។ ក្រសួងមានប្រព័ន្ធ Hotline ១២៨៦ សម្រាប់រាយការណ៍ករណីសង្ស័យមានការប្រើប្រាស់ពលកម្មកុមារ និង Hotline ១២៩៧ សម្រាប់សាធារណជនទាក់ទងក្នុងករណីមានបំណងស្វែងរកការងារធ្វើ។

គោលដៅចម្បងគឺកំណត់ភូមិ/ឃុំគំរូមួយដែលគ្មានពលកម្មកុមារ និងនិរន្តរភាពនៃវិស័យណាមួយគ្មានពលកម្មកុមារ នៅក្នុងស្រុកមួយចំនួន។

កុមារទាំងនេះត្រូវបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម ដែលជាបញ្ហាដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់។

