វៀតណាមរៀបចំផ្ញើលិខិតប្រកាសទៅថៃ បន្ទាប់ពីកំហុសឆ្គងច្រើនក្នុងពិធីបើកស៊ីហ្គេមលើកទី៣៣

វៀតណាមរៀបចំផ្ញើលិខិតប្រកាសទៅថៃ បន្ទាប់ពីកំហុសឆ្គងច្រើនក្នុងពិធីបើកស៊ីហ្គេមលើកទី៣៣

ទីក្រុងបាងកក៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃជាម្ចាស់ផ្ទះ បានធ្វើពិធីបើកជាផ្លូវការកាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅកីឡដ្ឋានជាតិ Rajamangala នាទីក្រុងបាងកក។

ពិធីបើកស៊ីហ្គេម

ទោះយ៉ាងណាក៏ដោយ កំហុសនិងបញ្ហាបច្ចេកទេសជាច្រើនបានលេចឡើងនៅក្នុងពិធីបើកនោះ។ ជាក់ស្តែង ពិធីបើកបានរំលឹកពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ១៩៩៧ ដែលប្រទេសឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ ប៉ុន្តែរូបទង់ជាតិបង្ហាញលើអេក្រង់ដ៏ធំបែរជារូបទង់ជាតិរបស់ប្រទេសសិង្ហបុរីទៅវិញ។

កំហុសក្នុងពិធីបើក

កំហុសនិងបញ្ហាបច្ចេកទេសដល់ទៅ២លើក កើតឡើងលើកម្ពុជា ដោយការដាក់អក្សរខុស «ជំរាបសួរ» បែរជា «ជាំរាបសួរ» ទៅវិញ។ មិនតែប៉ុណ្ណោះ ការសម្តែងប្រអប់ភ្លើង LED បង្ហាញប្រទេសអាស៊ានចូលរួមទាំង១១ ប៉ុន្តែប្រអប់ភ្លើង LED តំណាងកម្ពុជា គ្មានភ្លើងបំភ្លឺដូចប្រទេសផ្សេង។

កំហុសលើកម្ពុជា

លើសពីនេះទៀត ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៥ នឹងមានមេដាយមាសចំនួន៥៧៤គ្រឿង ប៉ុន្តែចំនួនលេខបង្ហាញដោយដ្រូនខុស បែរជា៥៤៧គ្រឿងទៅវិញ។

កំហុសធំមួយទៀតនោះ គឺពិធីបើកបានបង្ហាញផែនដីប្រទេសវៀតណាមខុស លើអេក្រងដ៏ធំ ដោយបាត់កោះចំនួន២របស់វៀតណាម។ បញ្ហានេះ ភាគីវៀតណាម កំពុងផ្ទុះការវែងញែកយ៉ាងខ្លាំង ហើយបណ្តាសារព័ត៌មានវៀតណាមបានចេញផ្សាយថា វៀតណាមនឹងឆ្លើយតបជាលាយលក្ខណ៍អក្សរទៅគណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេមថៃពីកំហុសដ៏ធ្ងន់ធ្ងរ នៅក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេម នៅល្ងាចថ្ងៃទី៩ ខែធ្នូ កន្លងទៅ។

កំហុសផែនទីវៀតណាម

បើតាមសារព័ត៌មានវៀតណាម Tri Thuc និង Znews កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានរាយការណ៍ថា ថ្នាក់ដឹកនាំនៃគណៈប្រតិភូកីឡាវៀតណាមនៅស៊ីហ្គេម បានដឹងអំពីកំហុសដ៏ធ្ងន់ធ្ងរក្នុងការបង្ហាញផែនទីរបស់ប្រទេសវៀតណាមខុស នៅក្នុងពិធីបើកកីឡាស៊ីហ្គេមលើកទី៣៣។ គណៈប្រតិភូកីឡាបានទាក់ទងទៅស្ថានទូតវៀតណាមប្រចាំថៃ ដើម្បីសម្របសម្រួលការដោះស្រាយបញ្ហានេះ ដោយនឹងផ្ញើឯកសារផ្លូវការទៅកាន់គណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេមថៃ ខណៈព័ត៌មានផ្លូវការក៏នឹងត្រូវប្រកាសនៅពេលក្រោយផងដែរ។

ការប្រកួតស៊ីហ្គេម

គួររំលឹកថា អាជ្ញាធរកីឡាថៃ (SAT) និងគណៈកម្មាធិការកីឡាស៊ីហ្គេមថៃ ទើបតែបានផ្ញើលិខិតសុំទោសជាផ្លូវការទៅកាន់គណៈកម្មាធិការអូឡាំពិកវៀតណាម និងឡាវ កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងកំហុសដ៏ហួសចិត្តបានកើតឡើងក្នុងការប្រកួតបើកឆាកវិញ្ញាសាបាល់ទាត់ផ្នែកបុរសកីឡាស៊ីហ្គេមលើកទី៣៣ រវាងក្រុម U22 វៀតណាម និងក្រុម U22 ឡាវ។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ដែលធ្វើពិធីបើកកាលពីថ្ងៃទី៩ ខែធ្នូ នឹងដំណើការប្រកួតរហូតដល់ថ្ងៃទី២០ ខែធ្នូ នៅទីក្រុងបាងកក និងខេត្តឈុនបុរី៕ ប្រភព៖ Znews, Seasia goal និង SNE Sports

administrator

Related Articles