ខេត្តឧត្តរមានជ័យ – លោកជំទាវ ឃ្លោក ប៉េងថុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ឡុង ឡាំង វីរនគរបាលជាតិ ដែលបានពលីជីវិតក្នុងការការពារទឹកដីកម្ពុជា។

ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវបានចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ដោយបញ្ជាក់ពីសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់វីរនគរបាលជាតិដ៏ក្លាហានមួយរូបនេះ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងពលរដ្ឋកម្ពុជាទាំងមូល ចាត់ទុកថានេះជាការបាត់បង់ដ៏ធំធេងមួយ ទាំងចំពោះគ្រួសារជាទីស្រឡាញ់ និងចំពោះប្រទេសជាតិទាំងមូល។ លោកវរសេនីយ៍ទោ ឡុង ឡាំង គឺជាវីរនគរបាលជាតិដ៏ឆ្នើម ដែលបានបូជាជីវិតដើម្បីការពារបូរណភាពដែនដីកម្ពុជាពីការឈ្លានពាន។

ជាមួយនឹងការនាំយកបច្ច័យពីឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវអនុរដ្ឋលេខាធិការបានចូលរួមរំលែកមរណទុក្ខជាមួយលោកស្រី ផាន ចន្ធា ភរិយា ព្រមទាំងក្រុមគ្រួសារសពទាំងមូល។ លោកជំទាវបានសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ ឡុង ឡាំង សូមបានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ព្រឹត្តិការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅទិសថ្មដូន ខេត្តឧត្តរមានជ័យ ដែលជាកន្លែងដែលលោកវរសេនីយ៍ទោ ឡុង ឡាំង បានពលីជីវិតក្នុងពេលឈរជើងការពារទឹកដីជាតិ។

