អង្គការណាតូ និងរដ្ឋាភិបាលជប៉ុន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីចិន និងរុស្ស៊ី បានធ្វើសមយុទ្ធល្បាតដែនអាកាសរួមគ្នានៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក Mark Rutte ប្រមុខអង្គការណាតូ និងលោក Shinjiro Koizumi រដ្ឋមន្ត្រីការពារជាតិជប៉ុន បានចែករំលែកការព្រួយបារម្ភរបស់ពួកគេក្នុងសន្និសីទវីដេអូនៅថ្ងៃទី១០ ធ្នូ ២០២៥ ដោយពិភាក្សាអំពីភាពតានតឹងសន្តិសុខកាន់តែកើនឡើងជាមួយរុស្ស៊ី និងចិននៅតំបន់អាស៊ី។
តាមការចុះផ្សាយរបស់ទីក្រុងតូក្យូ យន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពនុយក្លេអ៊ែរ Tu-95 របស់រុស្ស៊ីពីរគ្រឿង បានហោះចេញពីសមុទ្រជប៉ុន ដើម្បីជួបជាមួយយន្តហោះទម្លាក់គ្រាប់បែក H-6 របស់ចិនពីរគ្រឿង នៅសមុទ្រចិនខាងកើត បន្ទាប់មកបានធ្វើការហោះហើររួមគ្នាជុំវិញតំបន់។

ក្រសួងការពារជាតិជប៉ុនបានបញ្ជាក់ថា ការព្រួយបារម្ភនេះកើតឡើងបន្ទាប់ពីសន្និសីទវីដេអូរយៈពេល១៥នាទី ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការទំនាក់ទំនងយ៉ាងជិតស្និទ្ធបន្ថែមទៀត។
លោក Koizumi ក៏បានជម្រាបជូនលោក Rutte អំពីឧប្បត្តិហេតុថ្មីៗមួយទៀត ដែលពាក់ព័ន្ធនឹងយន្តហោះចិនដែលចាក់សោរ៉ាដារបស់ខ្លួនទៅលើយន្តហោះជប៉ុននៅជិតតៃវ៉ាន់។
ទីក្រុងប៉េកាំងបានបញ្ជាក់ថា សមយុទ្ធនេះគ្រាន់តែជាផ្នែកនៃផែនការសហប្រតិបត្តិការប្រចាំឆ្នាំជាមួយយោធារុស្ស៊ី ខណៈទីក្រុងមូស្គូពណ៌នាថានេះគ្រាន់តែជាសមយុទ្ធធម្មតាដែលមានរយៈពេល៨ម៉ោង។

ឧប្បត្តិហេតុនេះកើតឡើងក្នុងពេលដែលទំនាក់ទំនងជប៉ុន-ចិនកាន់តែអាក្រក់ទៅៗ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានអត្ថាធិប្បាយអំពីតៃវ៉ាន់ ដែលធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង។
