ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានជាបន្ទាន់ ដោយរៀបរាប់ពីផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីការឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ក្នុងរយៈពេលពីម៉ោង៦ល្ងាចថ្ងៃទី១០ ដល់ម៉ោង៧ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។

ការល្មើសច្បាប់អន្តរជាតិនិងការក្បត់បទឈប់បាញ់ដែលផ្តើមឡើងវិញចាប់ពីថ្ងៃទី៧ ខែធ្នូ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពពលរដ្ឋស៊ីវិល តំបន់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
១. ករណីស្លាប់និងរបួស៖ ចាប់ពីថ្ងៃទី៧ ដល់ព្រឹកថ្ងៃទី១១ ខែធ្នូ មានពលរដ្ឋខ្មែរស្លាប់សរុប១០នាក់ និងរងរបួសប្រមាណ៦០នាក់ ដែលភាគច្រើនកំពុងសង្គ្រោះបន្ទាន់។

២. ករណីភៀសសឹក៖ ចំនួនជនភៀសសឹកបានកើនឡើងដល់៥៧.១០៥គ្រួសារ ស្មើនឹងមនុស្ស១៩៧.៧៥៤នាក់។ ខេត្តដែលរងផលប៉ះពាល់ធ្ងន់ជាងគេរួមមាន៖
– ខេត្តបន្ទាយមានជ័យ៖ ២២.៧៩៩គ្រួសារ (៨០.៤៤៧នាក់)
– ខេត្តសៀមរាប៖ ១៣.៥៥១គ្រួសារ (៤៤.៥២៧នាក់)
– ខេត្តឧត្តរមានជ័យ៖ ១១.៦០៧គ្រួសារ (៣៩.៩៤៥នាក់)
– ខេត្តព្រះវិហារ៖ ៦.៤៧៧គ្រួសារ (២២.៣៩០នាក់)

៣. ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ៖ ភាគីថៃបានបង្កើនការបាញ់ផ្លោងនិងទម្លាក់គ្រាប់ពីយន្តហោះ F16 សំដៅចូលតំបន់ស៊ីវិលរហូតដល់៣០គីឡូម៉ែត្រពីព្រំដែន។ ផ្ទះសំបែង អគាររដ្ឋបាល សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនបានខូចខាត។
សាលារៀនជិត៩០០កន្លែងបានបិទទ្វារ ប៉ះពាល់ដល់ការសិក្សារបស់សិស្សជិត៣សែននាក់។

ក្រសួងមហាផ្ទៃបានប្រកាសគាំទ្រយ៉ាងមុតមាំចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ កងកម្លាំងការពារជាតិបានឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដី។
ក្រសួងមហាផ្ទៃនៅតែបន្តទទួចដល់សហគមន៍អាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ឱ្យចូលរួមតាមដាន ថ្កោលទោស និងមានវិធានការច្បាប់ចំពោះឧក្រិដ្ឋកម្មរបស់ភាគីថៃ។
ដោយ៖ ស តារា
