ភ្នំពេញ – ក្រសួងការបរទេសកូរ៉េខាងត្បូងបានធ្វើការអំពាវនាវយ៉ាងខ្លាំងក្លាចំពោះកម្ពុជា និងថៃ ឲ្យបន្តកិច្ចសន្ទនាដោយសន្តិវិធី ដើម្បីដោះស្រាយជម្លោះព្រំដែនដែលកំពុងកើនឡើងយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងសេចក្ដីថ្លែងការណ៍ផ្លូវការនាថ្ងៃព្រហស្បតិ៍ទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេសកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការជៀសវាងការបង្ហូរឈាមបន្ថែមទៀត ខណៈពេលដែលចំនួនអ្នកស្លាប់បានកើនឡើងលើសពី២០នាក់។
«រដ្ឋាភិបាលរបស់យើងជំរុញឲ្យកម្ពុជា និងថៃដោះស្រាយវិបត្តិដោយសន្តិវិធី តាមរយៈកិច្ចសន្ទនាជាបន្ទាន់» នេះជាការលើកឡើងពីក្រសួងការបរទេសកូរ៉េខាងត្បូង ដោយយោងតាម Korea Times។
ក្រសួងបានបញ្ជាក់ថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សា និងបានសម្ដែងការចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។

យោងតាមរបាយការណ៍របស់ AFP ប្រជាជនជាងកន្លះលាននាក់ទាំងនៅកម្ពុជា និងថៃ បានភៀសខ្លួនទៅកាន់វត្តអារាម សាលារៀន និងជម្រកបណ្ដោះអាសន្ន ដោយសារជម្លោះព្រំដែនប្រវែងជាង៨០០គីឡូម៉ែត្រ ដែលមិនទាន់ដោះស្រាយបានអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ។
អាមេរិក និងម៉ាឡេស៊ីដែលជាប្រធានអាស៊ាន បានជួយសម្រុះសម្រួលបទឈប់បាញ់កាលពីខែកក្កដា បន្ទាប់មកមានសេចក្ដីថ្លែងការណ៍រួមមួយកាលពីខែតុលា ក្រោមវត្តមានរបស់លោកដូណាល់ ត្រាំ។ យ៉ាងណាមិញ ប្រទេសថៃបានផ្អាកកិច្ចព្រមព្រៀងនេះជាឯកតោភាគីនៅខែបន្ទាប់។
