ភ្នំពេញ៖ អគ្គនាយកដ្ឋានត្រួតពិនិត្យអាវុធនៃក្រសួងការបរទេសចិន បានសម្ដែងការសោកស្ដាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិត និងរបួសរបស់ប្រជាពលរដ្ឋស៊ីវិលក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដោយអំពាវនាវឱ្យភាគីទាំងពីរដោះស្រាយវិវាទតាមរយៈវិធីសន្តិវិធី។

ការបញ្ចេញមតិនេះត្រូវបានធ្វើឡើងក្នុងឱកាសកិច្ចជួបពិភាក្សាទ្វេភាគីរវាងលោក Liang Guotao ប្រធាននាយកដ្ឋានត្រួតពិនិត្យអាវុធចិន និងលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
លោក Liang Guotao បានអះអាងយ៉ាងច្បាស់ថា ចិននឹងបន្តផ្តល់ជំនួយដល់កម្ពុជាក្នុងវិស័យសកម្មភាពមីនរហូតទាល់តែកម្ពុជាអាចសម្រេចគោលដៅចុងក្រោយគឺការលុបបំបាត់មីនទាំងស្រុង។ លោកក៏បានលើកសរសើរកម្ពុជាចំពោះតួនាទីជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន កាលពីឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត លី ធុជ បានជម្រាបជូនភាគីចិនអំពីលទ្ធផលដែលកម្ពុជាទទួលបានក្នុងកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ព្រមទាំងស្ថានការណ៍វិវឌ្ឍន៍ថ្មីៗក្នុងប្រទេស។ លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ដោយកម្ពុជានៅតែមានតម្រូវការខ្ពស់លើការងារមនុស្សធម៌នេះ លោកបណ្ឌិត លី ធុជ បានស្នើឱ្យរដ្ឋាភិបាលចិនបន្តផ្តល់ជំនួយគាំទ្របន្ថែមទៀតទាំងផ្នែកបណ្ដុះបណ្ដាល សម្ភារៈ និងថវិកាសម្រាប់វិស័យដោះមីននៅកម្ពុជា៕
ប្រភព៖ (CCFR)
