មេបក្សប្រឆាំងថៃព្រមាន អានុទីនអាចធ្វើឲ្យថៃក្លាយជា«ប្រទេសឈ្លានពាន»

មេបក្សប្រឆាំងថៃព្រមាន អានុទីនអាចធ្វើឲ្យថៃក្លាយជា«ប្រទេសឈ្លានពាន»

ភ្នំពេញ – នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល កំពុងជួបបញ្ហានយោបាយធ្ងន់ធ្ងរ និងត្រូវបានគេចោទប្រកាន់ថា នាំប្រទេសទៅរកគ្រោះមហន្តរាយ ដោយបង្កើតសត្រូវជាមួយប្រទេសជិតខាង និងសម្ព័ន្ធមិត្តយូរអង្វែង។

រូបភាពព្រឹត្តិការណ៍នយោបាយថៃ

លោក Natthapong Ruengpanyawut មេដឹកនាំគណបក្សប្រឆាំងដ៏មានឥទ្ធិពល ដែលមានឱកាសឈ្នះការបោះឆ្នោតឆ្នាំ២០២៦ បានអំពាវនាវឱ្យរដ្ឋាភិបាលថៃបញ្ចប់ភាពតានតឹងព្រំដែនជាមួយកម្ពុជា។ លោកបានព្រមានថា ប្រទេសថៃអាចទទួលឈ្មោះ«ជាអ្នកឈ្លានពាន» ប្រសិនបើបន្តគោលនយោបាយបច្ចុប្បន្ន។

តាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃ លោក អានុទីន បានលើកឡើងថា ការចរចាជាមួយកម្ពុជាលើកក្រោយត្រូវតែអនុវត្តតាមលក្ខខណ្ឌរបស់ថៃ «Thai Terms» ដោយមិនឱ្យភាគីទី៣ណាមកជ្រៀតជ្រៀក។

ប៉ុន្តែសម្រាប់បក្សប្រឆាំងដែលគាំទ្រលោក អានុទីន ឲ្យឡើងកាន់អំណាចត្រឹម៤ខែ បានមើលឃើញថា នាយករដ្ឋមន្ត្រីកំពុងរុញប្រទេសថៃទៅរកចំណុចគ្រោះថ្នាក់ មិនត្រឹមតែគោលនយោបាយការបរទេសទេ សូម្បីតែវិស័យសេដ្ឋកិច្ចក៏គ្រោះថ្នាក់ដូចគ្នា។

លោក Natthapong បានលើកឡើងថា ប្រសិនបើពិភពលោកដឹងថា ថៃជាប្រទេសឈ្លានពាន កិច្ចសហប្រតិបត្តិការនានាជាមួយបណ្តាប្រទេសនានា នឹងត្រូវរាំងស្ទះ ដោយសារតែការកែតម្រូវនិងសិក្សាឡើងវិញ។ កត្តានេះនឹងធ្វើឱ្យសេដ្ឋកិច្ចថៃចាប់ផ្តើមដាំក្បាលចុះ និងរកប្រទេសជាតិមិត្តជិតស្និទ្ធមិនបាន។

សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ថៃក៏អាចលែងស្តាប់ដែរ ប្រសិនបើថៃបន្តគោលនយោបាយបច្ចុប្បន្ន។ ការព្រមាននេះបានធ្វើឡើងនៅពេលដែលរដ្ឋាភិបាលថៃកំពុងជួបសម្ពាធនយោបាយខ្លាំងក្លា។

administrator

Related Articles