យុវជនគណបក្សប្រជាជនកម្ពុជាថ្កោលទោសសកម្មភាពយោធាថៃដែលរំលោភបំពានលើអធិបតេយ្យភាពកម្ពុជា

យុវជនគណបក្សប្រជាជនកម្ពុជាថ្កោលទោសសកម្មភាពយោធាថៃដែលរំលោភបំពានលើអធិបតេយ្យភាពកម្ពុជា

រាជធានីភ្នំពេញ៖ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្ត បានចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃដែលបានឈ្លានពានសាជាថ្មីមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

យុវជនគណបក្សប្រជាជនកម្ពុជា

តាមរយៈញត្តិថ្កោលទោស យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្ត បញ្ជាក់ថា ក្រុមយោធាថៃឈ្លានពាន បានបាញ់ប្រហារមកលើអធិបតេយ្យភាពកម្ពុជាដោយប្រើប្រាស់អាវុធធុនតូច និងធំ ដោយកំរោលនិងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាព បណ្តោះអាសន្នភ្លាមៗ។

ប្រភពដដែលបញ្ជាក់បន្ថែមថា សកម្មភាពយ៉ាងគឃ្លើនរបស់ភាគីថៃ ម្ដងហើយម្តងទៀតនេះ បង្ហាញយ៉ាងច្បាស់ថា ថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។

ការប្រជុំយុវជន

យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្ត បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃ ទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ និងអំពាវនាវឱ្យភាគីថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ជាមួយគ្នានេះ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្ត ក៏អំពាវនាវឱ្យភាគីថៃងាកមកគោរព កិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្ដីថ្លែងការណ៍ រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយ នៅក្រោមច្បាប់អន្តរជាតិ ឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះ ដោយសន្តិវិធី ស្របតាមច្បាប់អន្ដរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធ សំដៅស្វែងរកដំណោះស្រាយមួយ ប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

administrator

Related Articles