ខេត្តបន្ទាយមានជ័យ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អ.គ.រ.) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពព្រៃផ្សៃរបស់យោធាថៃ ដែលបានបាញ់បំផ្លាញអគារការិយាល័យគយនិងរដ្ឋាករបឹងត្រកួន កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

អគាររដ្ឋបាលស៊ីវិលនេះ ដែលមានកម្ពស់ ២ជាន់ ស្ថិតនៅក្នុងភូមិបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានបំផ្លាញដោយយោធាថៃ។ អគារនេះធ្លាប់បម្រើការងារប្រមូលចំណូលថវិកាជាតិ និងផ្តល់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ។
អ.គ.រ. បានអំពាវនាវដល់សហគមន៍ជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ចូលរួមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះទង្វើនេះ និងទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំផ្លិចបំផ្លាញមកលើហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា។
សកម្មភាពនេះត្រូវបានគេចាត់ទុកថាជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបានធ្វើឱ្យប៉ះពាល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ លើសពីនេះ វាក៏ជាការរំលោភលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ តុលា ២០២៥។
អ.គ.រ. បានស្នើសុំឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះទង្វើព្រៃផ្សៃនេះ និងអំពាវនាវឱ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិ។
