ភាគខាងជើងប្រទេសថៃ – ខេត្ត Phayao បានជួបគ្រោះរញ្ជួយដីកម្រិត 2.8 រ៉ិចទ័រ នៅជម្រៅ 6 គីឡូម៉ែត្រ បណ្តាលឲ្យមានរញ្ជួយរង្គើនៅតំបន់ជាច្រើន និងឈានដល់ការព្រមានសម្រាប់ស្រុកចំនួន 9 ។

តាមការផ្សាយរបស់ The Nation រញ្ជួយដីនេះកើតឡើងនៅម៉ោង 9:58 នាទីយប់ ថ្ងៃពុធទី 10 ខែធ្នូ ឆ្នាំ 2025 ដោយមានចំណុចកណ្តាលនៅឃុំ Fai Kwang ស្រុក Chiang Kham ។ អ្នកស្រុកបានរាយការណ៍ថា ពួកគេឮសំឡេងលាន់ស្នូរខ្លាំងប្រៀបដូចការផ្ទុះ។
ទោះបីជារញ្ជួយដីនេះមានកម្រិតស្រាលក៏ដោយ ក៏ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តបានចេញការព្រមានដល់ស្រុកចំនួន 9 ឲ្យតាមដានស្ថានការណ៍ និងវាយតម្លៃការខូចខាតដែលប្រហែលកើតឡើង។

អ្នកស្រុក Chiang Kham បានប្រាប់ថា ពួកគេមានអារម្មណ៍ថា ញ័ររង្គើ និងលាន់ស្នូរប្រៀបដូចជាការផ្ទុះ។ តំបន់ស្នាមប្រេះសកម្មជាច្រើនបានលាតសន្ធឹងកាត់តាមភាគខាងជើងប្រទេសថៃ រួមមានតំបន់ស្នាមប្រេះ Phayao ផងដែរ។
រញ្ជួយដីតូចៗដូចជាការរញ្ជួយកម្រិត 2.8 រ៉ិចទ័រនៅខេត្ត Phayao បង្ហាញថា ស្នាមប្រេះទាំងនេះនៅតែមានថាមពល និងកំពុងធ្វើចលនាយឺតៗ ទោះបីជាការរញ្ជួយដីនោះមានកម្រិតស្រាលៗក៏ដោយ។

អត្ថបទ៖ សុខ សុវណ្ណ
