ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់មួយបានកើតឡើងនៅពេលយប់ នៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង ១២:៣០នាទីរំលងអាធ្រាត ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីបាញ់តដៃសមត្ថកិច្ចជាច្រើនគ្រាប់ បន្ទាប់ពីរត់គេចខ្លួនពីការតាមឃាត់។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវបានឈរជើងនិងចេញល្បាតនៅលើផ្លូវជាតិលេខ៥។ ក្រោយមកឃើញជនសង្ស័យជិះម៉ូតូម៉ាក SUZUKI NEX ផ្លាកលេខភ្នំពេញ 1HH-8184 សមត្ថកិច្ចក៏សង្ស័យតាមឃាត់សួរនាំ តែជនសង្ស័យមិនព្រមឈប់ បែរជិះរត់គេចខ្លួន។

សមត្ថកិច្ចបានជិះប្រដេញពីក្រោយ រហូតមកដល់ក្រោមស្ពានជ្រោយចង្វា ជនសង្ស័យបានផ្ដួលម៉ូតូចោល ហើយដកកាំភ្លើងខ្លីបាញ់តដៃសមត្ថកិច្ចជាច្រើនគ្រាប់។ សមត្ថកិច្ចបានឡមព័ទ្ធក្របួចជនសង្ស័យបានជោគជ័យ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ រួមមានវត្ថុតាង ម៉ូតូម៉ាក SUZUKI NEX មួយគ្រឿង និងកាំភ្លើងខ្លីមួយដើម ទៅប៉ុស្ថិ៍នគរបាលឫស្សីកែវ ដើម្បីសួរនាំបន្ត និងចាត់ការតាមនិតិវិធីច្បាប់។



ហេតុការណ៍នេះបានធ្វើឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ សមត្ថកិច្ចនៅតែបន្តស៊ើបអង្កេតពីមូលហេតុ និងគោលបំណងរបស់ជនសង្ស័យក្នុងការប្រើប្រាស់កាំភ្លើងបាញ់តដៃសមត្ថកិច្ច។
