អ្នកដឹកនាំសិទ្ធិមនុស្សរិះគន់ UNESCO មិនចេញសេចក្តីថ្លែងការណ៍ការពារប្រាសាទបុរាណខ្មែរពីការបំផ្លាញរបស់ទាហានថៃ

អ្នកដឹកនាំសិទ្ធិមនុស្សរិះគន់ UNESCO មិនចេញសេចក្តីថ្លែងការណ៍ការពារប្រាសាទបុរាណខ្មែរពីការបំផ្លាញរបស់ទាហានថៃ

រាជធានីភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានរិះគន់អង្គការយូណេស្កូ (UNESCO) ដោយសារមិនចេញសេចក្តីថ្លែងការណ៍ប្រតិកម្មទៅនឹងការបាញ់បំផ្លាញប្រាសាទបុរាណរបស់ទាហានថៃ ដែលជាសម្បត្តិបេតិកភណ្ឌជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា។

ប្រាសាទបុរាណខ្មែរ

ឯកឧត្តមកែវ រ៉េមី បានសរសេរលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី១០ ធ្នូ ដោយលើកឡើងថា៖ “ប្រទេសដែលជាសមាជិក UNESCO មានចំនួន ១៩៤ ប្រទេស។ នៅក្នុងអាណត្តិមុនៗនៃអ្នកដឹកនាំ UNESCO ក្រៅតែមានចំណេះជំនាញ ក៏មានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចេះស្រឡាញ់ និងឲ្យតម្លៃទៅលើប្រាសាទបុរាណ ទៅលើសម្បត្តិបេតិកភណ្ឌជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោក។”

សម្បត្តិបេតិកភណ្ឌ

ឯកឧត្តមបានបញ្ជាក់ថា រាល់ការប៉ះទង្គិចនូវជម្លោះផ្ទៃក្នុង ឬជម្លោះប្រទេសនិងប្រទេស UNESCO តែងតែចេញនូវសេចក្តីថ្លែងការណ៍ក្នុងការការពារ និងបង្កាទប់ស្កាត់ដែលនឹងអាចប៉ះពាល់ ឬឈានទៅបំផ្លាញដល់សម្បត្តិវប្បធម៌មនុស្សជាតិ។

“តែឥឡូវទាហានថៃបានដៃបំផ្លិចបំផ្លាញនូវសម្បត្តិបេតិកភណ្ឌពិភពលោកតាំងពីដំណាក់កាលឈ្លានពានលើកទីមួយរហូតដល់ពេលនេះ ក៏គ្មានអ្នកជំនាញណា ឬអ្នកទទួលខុសត្រូវនៅក្នុងស្ថាប័នអន្តរជាតិណាបានចេញមុខទប់ស្កាត់ ឬថ្កោលទោសរាល់ការបំផ្លិចបំផ្លាញរបស់ទាហានថៃ” ជាការបញ្ជាក់របស់ឯកឧត្តម។

ប្រាសាទខ្មែរ

ឯកឧត្តមបានលើកឡើងថា ផ្ទាំងថ្មទាំងឡាយដែលជាស្នាដៃនៃបុព្វបុរសខ្មែរ បាននិងកំពុងស្រែកការឈឺចាប់ ដង្ហោយហៅអ្នកជួយសង្គ្រោះចេញពីពួកទមិឡឈ្លានពាន ដែលជាសត្រូវប្រវត្តិសាស្ត្រ។

អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ ស្រីណា

administrator

Related Articles