ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញប្រកាសវិភាគថា លោក អានុទីន នឹងមិនអាចវិលត្រឡប់មកកាន់អំណាចម្តងទៀតបានទេ ដោយសារយុទ្ធសាស្ត្រស្តារប្រជាប្រិយភាពតាមរយៈការឈ្លានពានកម្ពុជាបានបរាជ័យ។

លោក កែវ រ៉េមី បានបង្ហោះការវិភាគនៅថ្ងៃទី១២ ធ្នូ ២០២៥ ដោយអះអាងថា៖ “ខ្ញុំចូលចិត្តគិតនិងវិភាគមុនព្រឹត្តិការណ៍កើតឡើង។ អានុទីននិយាយថាប្រគល់អំណាចឲ្យប្រជាជនវិញតាមរយៈការរំលាយរដ្ឋសភា ប៉ុន្តែតាមការវិភាគរបស់ខ្ញុំ គាត់នឹងមិនអាចវិលត្រឡប់មកកាន់អំណាចម្តងទៀតបានទេ។”
លោកបានលើកឡើងពីហេតុផលសំខាន់ៗពីរ៖
១. ប្រជាជនថៃភាគច្រើន រួមទាំងអ្នកជំនាញ សិស្សានុសិស្ស និងអ្នកជំនាញជំនួញ បានធុញទ្រាន់ជាមួយការដណ្តើមអំណាចនៅក្នុងនយោបាយថៃ។
២. ពួកគេមិនគាំទ្រឲ្យមានជម្លោះជាមួយកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។ បញ្ញវ័ន្តថៃក៏មានការខ្មាសអៀនចំពោះការបាត់បង់មុខមាត់ប្រទេសនៅលើឆាកអន្តរជាតិផងដែរ។

លោក កែវ រ៉េមី បានពន្យល់បន្ថែមថា ប្រជាជនថៃភាគច្រើនដឹងច្បាស់ថា កម្ពុជាមិនបានបង្កសង្រ្គាមជាមួយថៃទេ។ “កាលពីពេលទឹកជំនន់ ទាំងរដ្ឋាភិបាលក៏ដូចជាទាហានថៃជាប់ដៃរវល់ជួយអន្តរាគមន៍ដល់ពួកគេ ពេលនោះគេមិនបានឃើញទាហានកម្ពុជាបាញ់ផ្លោងបង្កសង្រ្គាមជាមួយថៃនោះទេ។”
ជារួម លោកបានសន្និដ្ឋានថា៖ “ប្រជាជនថៃភាគច្រើនលើសលប់មិនចង់ឲ្យមានសង្រ្គាមជាមួយកម្ពុជានោះទេ លើកលែងតែក្រុមជ្រុលនិយម ពួកអាមាត្យថៃ និងទាហានថៃ។”

លោកបានព្រមានបន្ថែមថា ក្រុមដែលចង់បង្កសង្រ្គាមជាមួយកម្ពុជា នៅមិនទាន់ដឹងច្បាស់ពីចំណុចខ្លាំងបំផុតរបស់កម្ពុជា ដែលគឺកត្តាប្រជាជន។ ក្រៅពីភាពខ្លាំងនៃចំណេះជំនាញ និងបទពិសោធន៍របស់ថ្នាក់ដឹកនាំ គឺកត្តាសាមគ្គី និងកំហឹងដែលបានមកពីការប្រមាថមាក់ងាយរបស់ក្រុមជ្រុលនិយមថៃ បានធ្វើឲ្យប្រជាជនកម្ពុជារួបរួមគ្នាយ៉ាងរឹងមាំ។
ដោយ៖ សិលា
