រាជធានីបាងកក – ប្រទេសថៃបានរំលាយសភារបស់ខ្លួននៅថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការរំលាយលើកទី១៦ ចាប់តាំងពីការបញ្ចប់របបរាជាធិបតេយ្យផ្តាច់ការក្នុងឆ្នាំ១៩៣២មក។

Royal Gazette បានចេញផ្សាយព្រះរាជក្រឹត្យរំលាយសភា នៅព្រឹកថ្ងៃសុក្រ ដោយការបោះឆ្នោតជាតិរំពឹងទុកថានឹងប្រព្រឹត្តទៅនៅចន្លោះចុងខែមករាដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦។
ក្រោមរដ្ឋធម្មនុញ្ញ ការបោះឆ្នោតត្រូវតែធ្វើឡើងក្នុងរយៈពេល៤៥–៦០ថ្ងៃបន្ទាប់ពីការរំលាយសភា ហើយលោក អានុទីន ឆានវីរៈគុល នឹងដឹកនាំរដ្ឋបាលបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៦។

ការរំលាយចុងក្រោយបំផុតនេះ បានគូសបញ្ជាក់ពីប្រវត្តិដ៏យូរអង្វែងនៃភាពងាយនឹងបង្កជាអស្ថិរភាពនយោបាយរបស់ប្រទេសថៃ។ ក្នុងរយៈពេល៩ទសវត្សរ៍កន្លងមក សភាត្រូវបានរំលាយដោយសារហេតុផលផ្សេងៗ រាប់ចាប់តាំងពីការបរាជ័យរបស់រដ្ឋាភិបាលក្នុងចលនាសំខាន់ៗ រហូតដល់ការតវ៉ាទ្រង់ទ្រាយធំ វិវាទរដ្ឋធម្មនុញ្ញ និងយុទ្ធសាស្ត្រនយោបាយ។
យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រ ការរំលាយកន្លងមករបស់ប្រទេសថៃចំនួន៧លើក បណ្តាលមកពីការបាត់បង់សំឡេងភាគច្រើន ឬប្រឈមមុខនឹងភាពប្រេះឆាផ្ទៃក្នុង ដូចជានៅឆ្នាំ១៩៣៨, ១៩៧៦ និង ២០១១។

ការរំលាយចំនួន៣លើក បានកើតចេញពីការប៉ះទង្គិចគ្នាជុំវិញច្បាប់ចម្រូងចម្រាស ដូចជាជម្លោះឆ្នាំ១៩៤៥ ជុំវិញច្បាប់ឧក្រិដ្ឋជនសង្គ្រាម និងវិវាទជុំវិញច្បាប់លើកលែងទោសនៅឆ្នាំ២០១៣។
ការរំលាយ៣ផ្សេងទៀតបានកើតឡើងក្នុងអំឡុងវិបត្តិនយោបាយ ឬសេដ្ឋកិច្ចធំៗ ដោយជាការកត់សម្គាល់នៅឆ្នាំ១៩៩២ ក្នុងអំឡុងពេលភាពចលាចល «Black May» និងឆ្នាំ២០០៦ នៅចំពេលមានការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ។
ការរំលាយសភាញឹកញាប់របស់ប្រទេសថៃ បានឆ្លុះបញ្ចាំងពីអស្ថិរភាពនយោបាយដ៏រ៉ាំរ៉ៃ ការតវ៉ាតាមដងផ្លូវដែលកើតឡើងដដែលៗ និងការបែកបាក់រវាងរដ្ឋាភិបាលជាប់ឆ្នោត ស្ថាប័នការិយាធិបតេយ្យ និងយោធា។
