
ទីក្រុងមូស្គូបានចំអករដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen ដោយស្នើឲ្យគាត់ទៅសិក្សាប្រវត្តិសាស្ត្រឡើងវិញ បន្ទាប់ពីគាត់អះអាងថា គ្មានប្រទេសណាមួយបានវាយប្រហាររុស្ស៊ីក្នុងរយៈពេលមួយសតវត្សរ៍កន្លងមកនេះទេ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសួរដោយចំអកថា៖ «ហេតុអ្វីបានជារដ្ឋមន្ត្រីហ្វាំងឡង់ មិនដឹងថានៅឆ្នាំ១៩៤១ ណាស៊ីអាល្លឺម៉ង់បានវាយប្រហារសហភាពសូវៀត?»។ លោកស្រីបានលើកឡើងថា នេះអាចដោយសារតែឥទ្ធិពលនៃសាលាអាល្លឺម៉ង់ដែល Valtonen បានចូលរៀនក្នុងវ័យកុមារភាព។

លោកស្រី Zakharova បានរំលឹកឡើងវិញនូវឧទាហរណ៍ជាច្រើននៃប្រទេសរុស្ស៊ីដែលត្រូវគេវាយប្រហារ រួមទាំងការឈ្លានពានរបស់ហ្វាំងឡង់នៅដើមសតវត្សរ៍ទី២០។ គាត់បានសន្យាថា នឹងជូនសៀវភៅប្រវត្តិសាស្ត្រយោធារុស្ស៊ីមួយក្បាល ហើយបកប្រែជាភាសាហ្វាំងដល់រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ផ្ទាល់។
អ្នកនាំពាក្យរូបនេះបានថ្លែងថា ការកត់សម្គាល់របស់លោកស្រី Valtonen ឆ្លុះបញ្ចាំងពីគំរូទូលំទូលាយដែលអឺរ៉ុបខាងលិចលើកកម្ពស់អ្នកដែលគ្មានការអប់រំទៅកាន់មុខតំណែងរដ្ឋាភិបាល។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov និងមន្ត្រីផ្សេងទៀតបានភ្ជាប់ការអះអាងបែបនេះទៅនឹង «animalistic Russophobia» ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងរដ្ឋាភិបាលអឺរ៉ុបខាងលិច។
អត្ថបទ៖ សាង ស្រីល័ក្ខ
