ខេត្តកណ្តាល៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលជាសង្សារនារីម្នាក់ ក្រោយពីបង្ខំឲ្យនាងរំលូតកូន យកកងដៃទៅលក់ រួចគំរាមសម្លាប់ និងគំរាមផុសរូបដេកជាមួយគ្នាលើបណ្តាញសង្គម។

ព្រឹត្តិការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៩និង២៥នាទីព្រឹក នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។
ជនសង្ស័យមានឈ្មោះ ចេ វ សូ នី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិអាយាន ឃុំត្រពាំងល្វា ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានដកហូតទូរសព្ទ០១គ្រឿង ម៉ាក OPPO ពណ៍ទឹកសមុទ្រ។
ចំណែកជនរងគ្រោះឈ្មោះ បឿន នី ត ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករោងចក្រ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០២៣ ជនរងគ្រោះនិងជនសង្ស័យបានចាប់ផ្ដើមមានទំនាក់ទំនងស្នេហានឹងគ្នា រហូតដល់ឆ្នាំ២០២៤ ពួកគេទាំងពីរនាក់បានរួមរស់នៅជាមួយគ្នាក្នុងបន្ទប់រួមគ្នា។ ក្រោយពេលនៅជាមួយគ្នា បានមួយរយៈ ជនរងគ្រោះក៏ចាប់ផ្ដើមមានផ្ទៃពោះ តែជនសង្ស័យមានបំណងចង់គេចវេស មិនទទួលខុសត្រូវ បានប្រាប់ឲ្យជនរងគ្រោះយកកូនចេញនៅមន្ទីពេទ្យ។

លុះដល់វេលាកើតហេតុ ខណៈពេលសម្រាកនៅមន្ទីពេទ្យ ដើម្បីយកកូនចេញ ជនសង្ស័យ ពុំមានប្រាក់សម្រាប់បង់សេវាពេទ្យ និងចាយវាយផ្សេងៗឡើយ ជនសង្ស័យក៏បានខ្ចីកងដៃផ្លាកទីនពីជនរងគ្រោះទៅបញ្ចាំ។ ក្រោយពេលចេញពីពេទ្យវិញ ជនរងគ្រោះបានឆាត និងខលទៅសួរនាំ ជនសង្ស័យឲ្យទៅលួសយកកងដៃមកវិញ តែជនសង្ស័យ ចេះតែដោះសារ។
ជនរងគ្រោះបានប្រាប់ថា បើមិនយកកងដៃមកវិញទេ និងទៅដាក់ពាក្យបណ្ដឹងហើយ រួចជនសង្ស័យបាននិយាយគំរាមទៅជនរងគ្រោះវិញថា បើសិនជាហ៊ានដាក់ពាក្យបណ្ដឹង គេនឹងសម្លាប់ជនរងគ្រោះ និងផុសរូបដែលពួកគេទាំងពីរនាក់ដេកជាមួយគ្នាលើបណ្ដាញសង្គម។
ក្រោយមកជនរងគ្រោះ ក៏បានប្រាប់រឿងរ៉ាវទាំងឡាយទៅក្រុមគ្រួសារ រួចក៏ទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ បន្ទាប់ពីទទួលបណ្ដឹងពីជនរងគ្រោះ កម្លាំងផ្នែកជំនាញបានចេញលិខិតកោះហៅជនសង្ស័យ ដើម្បីទៅបំភ្លឺរឿងតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងជនរងគ្រោះ ជាសង្សារ ហើយបាននៅជាមួយគ្នាជាច្រើនលើកច្រើនសារ រហូតនាងមានផ្ទៃពោះ រួចយកកូនចេញពិតមែន។ ហើយបានបន្តសារភាពទៀតថា ខ្លួនបានយកកងដៃទៅបញ្ចាំ និងគំរាមសម្លាប់ និងគំរាមផុសរូបរបស់ជនរងគ្រោះពិតមែន។
ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍កំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
