ទីក្រុងបាងកក – ករណីចៅក្រមលម្អៀងទៅក្រុមម្ចាស់ផ្ទះបានកើតឡើងក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយក្រុមកីឡាម៉ាឡេស៊ីជាអ្នកជួបប្រទះករណីនេះ។

បើយោងតាមការចេញផ្សាយពីកាសែតម៉ាឡេស៊ី New Straits Times (NST Online) ឱកាសប្រជែងដណ្តើមមេដាយមាសពីការប្រកួតក្នុងវិញ្ញាសាសម្ដែងដៃគូ នៃប្រភេទកីឡាតេក្វាន់ដូរ WT បានបញ្ចប់ទៅជាមួយរឿងដ៏ចម្រូងចម្រាស កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
ប្រភពដដែលបានបន្តថា ដំបូងឡើយ តារាងពិន្ទុបានបង្ហាញថា កីឡាករ Jason Loo និងកីឡាការិនី Nur Humaira Karim របស់ម៉ាឡេស៊ីទទួលបាន ៨,៥២០ ពិន្ទុ ដោយនាំមុខគូប្រជែងថៃ Chonlakorn Chayawatto និង Thana Kiewlailerd ដែលទទួលបានត្រឹម ៨,៤៦០ ពិន្ទុ។
ប៉ុន្តែប៉ុន្មាននាទីក្រោយមក លទ្ធផលត្រូវបានផ្លាស់ប្តូរដោយអ្នករៀបចំបានប្រកាសថា ថៃគឺជាអ្នកឈ្នះ ផ្អែកទៅលើការវាយតម្លៃការសម្តែងពីចៅក្រមឡើងវិញ ហើយផ្តល់ជ័យជម្នះទៅថៃដោយឱ្យពិន្ទុលើស ០,០៤ ពិន្ទុ។ តាមរយៈលទ្ធផលនេះ ម៉ាឡេស៊ីត្រូវធ្លាក់ចេញពីការប្រកួតត្រឹមជុំដំបូង។
លោក Adam Adli អនុរដ្ឋមន្ត្រីយុវជន និងកីឡាម៉ាឡេស៊ី បានបញ្ជាក់ថា ការតវ៉ាត្រូវបានបដិសេធ។ លោកបានថ្លែងចេញពីទីក្រុងបាងកកថា «យើងទទួលយកការសម្រេចចិត្តដោយវិជ្ជាជីវៈ ប៉ុន្តែតាមក្រមសីលធម៌ យើងពិតជាខកចិត្ត»។

ដោយឡែក លោក Jefri Ngadirin អគ្គនាយកក្រុមប្រឹក្សាកីឡាជាតិម៉ាឡេស៊ី (NSC) ក៏បានថ្លែងថា «តាមរយៈប្រកួតវគ្គនេះ គឺជាការរំលឹកអំពីរបៀបដែលអត្តពលិកងាយរងគ្រោះក្នុងកីឡាអត្តពលកម្ម ជាពិសេសនៅពេលប្រឈមមុខជាមួយនឹងម្ចាស់ផ្ទះ។ យើងពិតជាមានអារម្មណ៍ថា ពិន្ទុគួរតែនៅខាងយើង»។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ម្ចាស់ផ្ទះថៃកំពុងតែឈរលើកំពូលតារាងមេដាយសរុបបណ្តោះអាសន្ន ដោយឈ្នះមេដាយ៤១គ្រឿង មាស១៩ ប្រាក់១៣ និងសំរឹទ្ធ៩ តាមពីក្រោយដោយឥណ្ឌូណេស៊ី និងសិង្ហបុរី៕
អត្ថបទសរសេរដោយ វិរៈបុត្រ
កែសម្រួលដោយ ធីតា
