ហ្វាសង់ កូរ៉េខាងត្បូង – ប្រជាពលរដ្ឋខ្មែរដែលរស់នៅតំបន់ហ្វាសង់ ប្រទេសកូរ៉េខាងត្បូង បានរៀបចំពិធីជួបជុំសម្ដែងមតិយ៉ាងធំធេង ដើម្បីថ្កោលទោសយោធាថៃដែលបានឈ្លានពានលើដែនអធិបតេយ្យភាពរបស់កម្ពុជាជាថ្មី។

ការជួបជុំនេះបានធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ទី១០ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីយោធាថៃបានចាប់ផ្ដើមធ្វើការឈ្លានពានលើទឹកដីកម្ពុជាចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កងកម្លាំងថៃបានប្រើប្រាស់អាវុធធុនតូចនិងធុនធំដោយគ្មានការរើសគោលដៅ បណ្ដាលឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនស្លាប់ និងរងរបួស ផ្ទះសម្បែងជាច្រើនត្រូវបានបំផ្លាញ ហើយប្រជាជនត្រូវភៀសខ្លួនយ៉ាងអាសន្ន។
ពិធីជួបជុំនេះមានគោលបំណងចម្បងគឺថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះទង្វើឈ្លានពានពីសំណាក់កងកម្លាំងថៃ និងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យដាក់កំហិតលើប្រទេសថៃ និងទាមទារឱ្យគោរពបូរណភាពទឹកដីរបស់កម្ពុជាស្របតាមច្បាប់អន្តរជាតិ។
នៅក្នុងពិធីជួបជុំ អ្នកចូលរួមទាំងអស់បានស្រែកពាក្យស្លោក និងកាន់បដាដែលបង្ហាញពីការគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដីដូនតា និងអាយុជីវិតពលរដ្ឋស្លូតត្រង់។

ការជួបជុំនៅតំបន់ហ្វាសង់នេះ គឺជាការបង្ហាញនូវស្មារតីស្នេហាជាតិ និងការរួបរួមរបស់ជនរួមជាតិខ្មែរនៅឯក្រៅប្រទេស ជាពិសេសនៅប្រទេសកូរ៉េខាងត្បូង ក្នុងការការពារផលប្រយោជន៍ជាតិ និងការទាមទារឱ្យមានយុត្តិធម៌ ចំពោះអំពើឈ្លានពានដែលបានកើតឡើងម្ដងហើយម្ដងទៀតពីសំណាក់យោធាថៃ។
